កម្លាំងនគរបាល ចុះប្រតិបត្តិការបង្ក្រាបទីតាំង KTV និងក្លឹបកម្សាន្ត ២កន្លែង ឃាត់មនុស្សប្រុសស្រីជិត ២០០នាក់ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ កម្លាំងនគរបាលចុះបង្ក្រាបទីតាំង B9 KTV និងក្លឹបកម្សាន្ត ឡាំបូគីនី ឃាត់មនុស្សប្រុសស្រីជិត ២០០នាក់ នៅក្រុងប៉ោយប៉ែត ដោយប្រតិបត្តិការចុះបង្ក្រាបនៅវេលា ម៉ោង ១ជាងយប់រំលងអាធ្រាតុ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការចុះបង្ក្រាប ខារ៉ាអូខេ យីហោ B9 និងក្លឹបកម្សាន្ត ឡាំបូគីនី(LAMBORGHINI) ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍ ទាំង៥ រួមទាំងកម្លាំង វរសេនាតូចនគរបាលការពារព្រំដគោក ៨៩១ និង៩១១ផងដែរ។
សមត្ថកិច្ចបានប្រាប់ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងយីហោ B9 KTV នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ទីតាំងថាច់ដោនចាស់) ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាង៥០នាក់។ ចំណែកទីតាំងទី២ យីហោ ឡាំបូគីនី ក្លឹប (LAMBORGHINI CLUB) ឃាត់ខ្លួនបានមនុស្សប្រុសស្រី ជាង ១២៧នាក់ ក្នុងនោះខ្មែរ ៥៤នាក់ និងជនបរទេស ចំនួន ៧៣នាក់ គ្រឿងញៀនមួយចំនួន និងម៉ូតូ រថយន្តរាប់រយគ្រឿងផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនភ្ញៀវ និងបុគ្គលិក ក្នុងក្លឹប និងខេធីវីខាង លើនេះ ដើម្បីយកធ្វើតេស្ត រកសារធាតុញៀន បើមានជាប់ពាក់ព័ន្ធ ត្រូវអនុវត្តតាមនីតិវិធី។ ចំណែកអ្នកដែលមិនពាក់ព័ន្ធ ត្រូវឲ្យត្រឡប់មកផ្ទះវិញ៕
អត្ថបទ៖ ជា ថន