ព័ត៌មានជាតិ

កោះកុងក្រៅ​ ជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរក្នុងដំណេីរកម្សាន្តរយៈពេលខ្លី នាពេលបច្ចុប្បន្ន

image


កោះកុង៖​ ថ្វីបើនៅតាមបណ្តាកោះ នៅពុំទាន់មានការអភិវឌ្ឍនឲ្យអស់ពីសក្តានុពលយ៉ាងណាក្តី តែកន្លងមកភ្ញៀវទេសចរ មានការចាប់អារម្មណ៍ខ្លាំងលើតំបន់ទេសភាពដែនសមុទ្រ ក្នុងខេត្តកោះកុង។ ឆ្នាំនេះ កាន់តែប្លែកជាងឆ្នាំមុន ដោយមានចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើង បានកក់បន្ទប់​ និងកន្លែងបោះតង់ជាបណ្តើរៗហើយ នៅតាមតំបន់ឆ្នេរនិងតាមបណ្តាកោះ នាមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។

បេីតាមលោក សេត រ៉ាស៊ូ ប្រធានការិយាល័យ នៃមន្ទីរទេសចរណ៍ បានអះអាងថា តាមការចុះពិនិត្យជាក់ស្តែង ភ្ញៀវទេសចរ​ផ្តើមកក់បន្ទប់តាមសណ្ឋាគារ ផ្ទះសំណាក់ បានជិត៤០% ខណៈការកក់តង់តាមឆ្នេរតាមដែនកោះ មានចំនួនច្រើនជាង ក្រុងខេមរភូមិន្ទ។

លោក យ៉ាវ ឆាយយ៉ា ជាមគ្គុទេសក៏ទេសចរណ៍លើដែនសមុទ្រ បានរៀបរាប់ថា គ្រប់បណ្តាកោះទាំងអស់ ក្នុងតំបន់កោះកុងក្រៅ ភ្ញៀវទេសចរកំពុងសម្រុកកក់តម្លៃទូក តង់ និងអាហារសមុទ្រស្រស់ៗ ទុកត្រៀមមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ មានចំនួនច្រើន ក្នុងដំណេីរកម្សាន្តបោះតង់ស្នាក់នៅរយៈពេលខ្លី តាមរយៈការស្ទូចត្រីតាមកោះ និងសមុទ្រក្រៅ។

កោះកុងក្រៅ កំពុងបង្ហាញភាពទាក់ទាញដល់ភ្ញៀវទេសចរ មកពីបណ្តខេត្ត​ និងរាជធានីភ្នំពេញ ខណៈមួយកោះមួយនេះដែលជាកោះខ្ពស់ជាងគេបំផុត ក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជាគឺមានកម្ពស់រហូតដល់ទៅ ៤១៨ម៉ែត្រពីនីវ៉ូសមុទ្រ មានទំហំសរុប ១០៣គីឡូម៉ែត្រការ៉េ មានទទឹង ៧គីឡូម៉ែត្រ បណ្តាយប្រហែល ២២គីឡូម៉ែត្រ។

ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានលោក អ៊ឹត អេល ជាអ្នកដឹកនាំមើលថែឆ្នេរទី០៤ បានរៀបរាប់ពីស្ថានភាពភ្ញៀវទេសចរ ពេលកន្លងមក​ និងពេលបច្ចុប្បន្នថា សព្វថ្ងៃភ្ញៀវទេសចរផ្តើមងាកចាប់អារម្មណ៍កាន់តែច្រើនឡើងមិនដូចកាលពីគ្រាមុន ខណៈបច្ចុប្បន្នមានការតបណ្តាញទឹកពីលើភ្នំ និងភ្លើងអគ្គិសនី ប្រើថាមពលពន្លឺព្រះអាទិត្យ ឬម៉ាស៊ីនភ្លើង ប្រើប្រាស់ប្រកបដោយសន្តិសុខសុវត្ថិភាពខ្ពស់។

ប្រជានេសាទរស់នៅជាប់មាត់សមុទ្រ ក្នុងភូមិជ្រោយប្រស់និយាយថា ជាទម្លាប់ពួកគាត់តែងរកប្រាក់ចំណូលបន្ថែម លើការដឹកភ្ញៀវទេសចរលេងកម្សាន្តតាមកោះ បន្ថែមលើមុខរបរដើរទូកនេសាទ។ បើតាម អ្នកស្រី ចន សំភាស់ អះអាងថា ឲ្យដល់រដូវប្រាំងឈានចូលមកនោះភ្ញៀវទេសចរសម្រុកចូកមកកំពង់ផែជ្រោយប្រស់ ទាក់ទងរកជួលទូកចេញទៅលេងកោះកុងក្រៅ ច្រើនជាងបណ្តាកោះផ្សេងៗទៀត។

អ្វីដែលកាន់តែធ្វើឲ្យភ្ញៀវទេសចរជក់ចិត្តដិតអារម្មណ៍ទៀតនោះ ដោយនៅលើដែនកោះនេះ មាន ទឹកជ្រោះភ្នំដ៏សេនត្រជាក់ចិត្ត ចំនួន១០ កន្លែង ដែលកន្លែងនីមួយៗអាចមានរហូតដល់ ៣០ជាន់ ដែលមានកម្ពស់ពី ៦ម៉ែត្រ ទៅ ២៥ ម៉ែត្រ កំពុងបង្ហាញ សោភ័ណភាពយ៉ាងស្រស់ត្រកាល អមដោយទេសភាពចម្ការដូងធំៗជាច្រើន គ្រប់ដណ្តប់លើផ្ទៃកោះ ប្រៀបដូចជាឋានសួគ៌។

រាល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ដែលបានទៅដល់ដែនកោះមួយនេះ តែងមិនភ្លេចសោះឡើយ នូវសម្ភារប្រើប្រាស់ចង្ក្រានបាយ គ្រឿងគ្រៅសំរាប់ត្រៀមចម្អិនម្ហូប គ្រាដែលពួកគេជិះទូកដើរកម្សាន្តរំសាយអារម្មណ៍តាមរយៈការស្ទូចត្រី និងបានសាងអនុស្សាវរីយ៍ជាមួយនិងទិដ្ឋភាពដ៏ស្រស់ត្រកាល ខណៈដែនកោះមួយនេះ ពោរពេញដោយសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ សត្វព្រៃ ឆ្នេរខ្សាច់ល្អស្រស់ស្អាត នាមាត់សមុទ្រដ៏ធំល្វឹងល្វើយ បង្កប់ដោយព៌ណខៀវស្រងាត់។ភ្ញៀវ​ទេសចរមួយរូបគឺលោក ស៊ិន អានឆ័រ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយប្លែកជាងគ្រាមុន ខណៈរូបគាត់បានមកដល់ដែនកោះជាលើកទីពីរ។

ក្រៅពីសក្តានុពលទាំងនេះ ភ្ញៀវទេសចរអាច ទស្សនាកម្សាន្តជាមួយធនធានធម្មជាតិជីវៈចម្រុះបាតសមុទ្រ មច្ឆា ផ្កាថ្ម និងគយគន់ ហ្វូងត្រីផ្សោតសមុទ្រមានពណ៌ស និងខ្មៅ ហែលប្រដេញគ្នា ប៉ប្រះ​ និងរលកសមុទ្រ នៅជុំវិញកោះ នាព្រឹកព្រលឹមនិង រសៀលថ្ងៃរៀបលិច បានយ៉ាងសប្បាយរីករាយបំផុត ដោយឆ្នេរទាំងនេះ នៅពុំទាន់មានការកែច្នៃ ពោលគឺនៅជាដែនកោះពោរពេញដោយទេសភាពស្រស់ស្អាតបែបធម្មជាតិពិតៗទាំងអស់។

តាមរយៈស្ថានភាពបែបនេះ រដ្ឋបាលខេត្តកោះកុង បង្ហាញការរំពឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ខេត្តកោះកុងនឹងទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំកន្លងទៅ ខណៈផ្លូវជាតិលេខ៤៨ កំពុងស្ថាបនានិងអ៊ុតកៅស៊ូ រួចជិត៦០% ផ្តល់ភាពងាយស្រួលដល់ ការធ្វើដំណេីរសម្រាប់ភ្ញៀវទេសចរ។ នេះបើតាមការអះអាងពីលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង។

បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្តកោះកុងបង្ហាញថា កោះកុងក្រៅស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងចម្ងាយផ្លូវប្រមាណ ៣០គ.ម ពីក្រុងខេមរភូមិន្ទ។​ កោះមួយនេះហ៊ុមព័ទ្ធ ទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតចំនួន ០៦ កន្លែងរួមមាន៖ឆ្នេរ ទី០១ មានប្រវែងដល់ទៅ ១.៨០០ម៉ែត្រ។ ឆ្នេរទី០២ លាតសន្ធឹងលើដីប្រវែង ២.០៥០ម៉ែត្រ។ ឆ្នេរទី០៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរទី០៤ ប្រវែង ៩០០ម៉ែត្រ។ ឆ្នេរទី០៥ ប្រវែង ៧៥០ម៉ែត្រ និងឆ្នេរទី០៦ ប្រវែង ៦៥០ម៉ែត្រ៕

អត្ថបទ៖​ តាំង​ សុន្នី