ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល កំពុងព្រួយបារម្ភពីបញ្ហាចំណីអាហាររបស់ពលរដ្ឋ ដែលនាំឱ្យកើតជំងឺ ទឹកនោមផ្អែម ទឹកនោមប្រៃ និងលើសឈាម

image


ស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានណែនាំដល់មណ្ឌលសុខភាពទាំង២០ នៅខេត្តស្ទឹងត្រែង ដែលកំពុងប្រតិបត្តិផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវគ្រប់គ្រងឲ្យបាននូវអត្តសញ្ញាណអ្នកជំងឺក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ និងត្រូវផ្សព្វផ្សាយចងក្រងជាក្រុម ដើម្បីងាយគ្រប់គ្រងអ្នកដែលមានជំងឺក្នុងមូលដ្ឋាននោះឲ្យពួកគាត់ទទួលបានសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព និងទុកចិត្តបំផុត។ ការណែនាំដូចនេះ ក្នុងពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយមន្ត្រីរាជការបុគ្គលិកមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា បញ្ហាចំណីអាហារក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នគឺ បញ្ហាជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ និងជំងឺលើសឈាម ជាដើម។ ដូច្នេះពាក្យស្លោកមួយឃ្លា “ស្ករតិច អំបិលតិច ខ្លាញ់តិច” គឺចង់ឲ្យប្រជាពលរដ្ឋកាត់បន្ថយរបបអាហារដូចជា ស្ករ អំបិល និងខ្លាញ់ ពីច្រើនមកតិច ដើម្បីសុខភាព ហើយមណ្ឌលសុខភាពទាំងអស់ត្រូវសរសេរជាបដាដាក់នៅមុខមណ្ឌលសុខភាពក្នុងការដាស់តឿនដល់ប្រជាជនបានយល់ដឹងបន្ថែមទៀតផងដែរ។

ក្រៅពីនេះ ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវរៀបចំទីតាំងផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅក្នុងមណ្ឌលដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ត្រូវរៀបចំឯកសណ្ឋានតាមវិជ្ជាជីវៈ ព្រមទាំងរៀបចំថែទាំបរិស្ថានអនាម័យឲ្យបានល្អស្អាត និងការដាំដើមឈើ ឬផ្កា ជាការលម្អរដើម្បីជួយដល់ផ្នែកបរិស្ថានផងដែរ។ ទន្ទឹមនេះដែរ លោកស្រីក៏បានស្នើដល់រដ្ឋបាលខេត្តស្ទឹងត្រែង ឱ្យជួយដាក់ពាក្យស្លោក “ស្ករតិច អំបិលតិច ខ្លាញ់តិច” ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងឲ្យកាន់តែយល់ច្បាស់នូវបញ្ហដែលបណ្តាលឱ្យកើតជំងឺ ទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ និងជំងឺលើសឈាម ជាដើម៕

ដោយ៖ ម៉ាក មេត្តា