សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ កូរ៉េ ជាចំណែកមួយ នៃជោគជ័យលើកវិស័យសុខភាពសាធារណៈរបស់កម្ពុជា

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានលើកឡើងថា ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ក៏ដូចជាបណ្តាអង្គការដៃគូនៃប្រទេសកូរ៉េ បានក្លាយជាចំណែកមួយនៃជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងវិស័យសុខុមាលភាពសាធារណៈរបស់កម្ពុជា។

អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារ ឯកឧត្តម យៀប ម៉ាលីណូ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និបាត “អតីតសិក្ខាកាមរបស់កូហ្វីកម្ពុជាប្រចាំឆ្នាំ ២០២៤” នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

លោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េខាងត្បូង បានកសាងនូវទំនាក់ទំនងដ៏ល្អ និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ ទំនាក់ទំនងរបស់កម្ពុជា ជាមួយអង្គការ មូលនិធិកូរ៉េសម្រាប់សុខមាលភាពអន្តរជាតិ (កូហ្វី KOFIH) ក៏បានផ្តល់ផលប្រយោជន៍យ៉ាងល្អប្រសើរ ដល់វិស័យសុខុមាលភាពសាធារណៈ ជាពិសេសនៅតាមបណ្តាខេត្តក្នុងភូមិភាគ៥របស់កម្ពុជា មានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន បន្ទាយមានជ័យ ។ ដោយក្នុងនោះអង្គការ កូហ្វី បានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានា ក្នុងប្រទេសកូរ៉េ ដើម្បីផ្តល់ជូនអាហារូបករណ៍ដល់សិក្ខាកាមរបស់កម្ពុជា បានមានឱកាសទៅសិក្សានៅប្រទេសកូរ៉េផងដែរ។

សូមជម្រាបថា រយៈពេលជាង១០ឆ្នាំនេះ មានថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១៤៩នាក់ មកពីក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ និងទីភ្នាក់ងារជាតិនានា ទទួលបានការបណ្តុះបណ្តាលមុខជំនាញផ្សេងៗពីសាធារណៈរដ្ឋកូរ៉េ តាមរយៈមូលនិធិKOFIH។

ប្រធានអង្គការ KOFIH លោកសាស្ត្រាចារ្យ អ៊ីល ស៊ូហា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ មកដល់ពេលនេះ សិក្ខាកាមទាំង១៤៩រូបនេះ ពួកគាត់ទទួលបានការបណ្តុះបណ្តាលលើកផ្នែកផ្សេងៗដូចជា ផ្នែកគោលនយោបាយ និងជំឆ្លងជាដើម។ លោករំពឹងថា អតីតសិក្ខាកាមទាំងអស់ នឹងរួមគ្នាអភិវឌ្ឍន៍សហគមន៍មួយ ប្រកបដោយចីរភាព និងនាំទៅដល់ការគាំទ្រវិស័យសុខាភិបាលកម្ពុជាឲ្យមានភាពកាន់តែប្រសើរឡើង៕