នៅសល់១៨ថ្ងៃទៀត ស្ពានអាកាសព្រះមុន្នីវង្ស នឹងបើកឱ្យដំណើរការបណ្តោះអាសន្ន
ភ្នំពេញ៖ គម្រោងខ្សែមេទី១ នៃស្ពានអាកាសព្រះមុន្នីវង្ស សាងសង់សម្រេចបានជាង ៩៥ភាគរយហើយ គ្រោងបញ្ចប់គម្រោងទី១ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នបាន សម្រាប់ការធ្វើដំណើរទៅមក សម្រួលដល់លំហូរចរាចរណ៍ និងកាត់បន្ថយបានការកកស្ទះផងដែរ។
ពលរដ្ឋអ្នកដំណើរ បានសម្តែងអារម្មណ៍រីករាយចំពោះសម្មិទ្ធិផលថ្មីនេះ ទោះមិនទាន់សាងសង់រួចរាល់ក៏ដោយ ប៉ុន្តែពួកគាត់រំពឹងថា ស្ពាននេះនឹងជួយសម្រាលដល់ការកកស្ទះ ដែលពួកគាត់តែងតែជួបជាប្រចាំរាល់ពេលធ្វើដំណើងឆ្លងកាត់ទីនោះ។
សូមបញ្ជាក់ថា ស្ពានអាកាសព្រះមុន្នីវង្ស ដែលស្ថិតនៅព្រុំប្រទល់គ្នារវាងខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បញ្ចៀសបានពីការកកស្ទះ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ស្ពាននេះជាស្ពានអាកាស២ជាន់ និងចែកចេញជា២គម្រោងសាងសង់ ដោយគម្រោងទី១ ត្រូវបញ្ចប់ការសាងសង់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ និងគម្រោងទី២ នឹងត្រូវបញ្ចប់ការសាងសង់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ ដែលការសាងសង់នេះ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ៕
ដោយ៖ ឌីយ៉ាម៉ង់