នៅសល់២៤ថ្ងៃទៀត ស្ពានអាកាសព្រះមុនីវង្ស នឹងដាក់ឱ្យប្រើប្រាស់ហើយ
ភ្នំពេញ៖ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីកងយោធពលខេមរភូមិន្ទ (ច្រមុះជ្រូកក្បាលថ្នល់) នឹងបញ្ចប់ការសាងសង់ជំហានទី១ ក្នុងរយៈពេល ២៤ថ្ងៃទៀត ពោលគឺ បញ្ចប់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពលរដ្ឋអ្នកដំណើរ កំពុងរង់ចាំសមិទ្ធិផលថ្មីនេះ ដោយរាល់ពេលធ្វើដំណើរឆ្លងកាត់ក្នុងពេលកំពុងសាងសង់ ពួកគាត់រំពឹងថា ស្ពាននេះនឹងជួយសម្រាលដល់ការកកស្ទះ ដែលពួកគាត់តែងតែជួបស្ទើររាស់ថ្ងៃ។
សូមបញ្ជាក់ថា ស្ពានអាកាសនេះ ស្ថិតនៅព្រុំប្រទល់រវាងខណ្ឌចំការមន និងខណ្ឌមានជ័យ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បញ្ចៀសបានពីការកកស្ទះ ខណៈដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ស្ពាននេះ ជាស្ពានអាកាស២ជាន់ និងចែកចេញជា២គម្រោងសងសង់ ដោយគម្រោងទី១ ត្រូវបញ្ចប់ការសាងសង់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ និងគម្រោងទី២ នឹងត្រូវបញ្ចប់ការសាងសង់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ ដែលការសាងសង់នេះ ជាគម្រោងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ។
បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ(ស្ពានអាកាស ផ្សារដីហ៊ុយ) ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ៕
ដោយ៖ ឌីយ៉ាម៉ង់