ជិតរួចហើយ! កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ សម្រេចការសាងសង់ក្នុងលទ្ធផលប្រមាណ ៩០%
កែប៖ កំពង់ផែទេសចរណ៍លើកោះទន្សាយ កំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចការសាងសង់ក្នុងរង្វង់៩០% ហើយ។ គម្រោងសាងសង់កំពង់ផែលើកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
នេះបើតាមការបញ្ជាក់ពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ CNC នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលលោកដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់កំពង់ផែខាងលើ។
លោកអភិបាលខេត្តបានបញ្ជាក់ថា សមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរ ណ៍តំបន់ប្រជុំកោះទាំងនេះ ស្ថិតក្នុង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កែបឆ្នាំ២០២៣- ២០៣៥» ក្នុងការប្រែក្លាយ ខេត្តកែបជា គោលដៅទេស ចរណ៍ធម្មជាតិ និងសមុទ្រ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។
លោកបានបន្តថា កំពង់ផែបែបស្តង់ដារមួយនេះ និងជួយរុញសក្តានុពលតាមបណ្តាកោះទាំង១២ និងថ្មប៉ប្រះទឹក១ ដែលខេត្តកែបមាន ឲ្យកាន់តែមមាញឹកក្នុងការទទួលស្វាគមន៍អ្នកទេសចរ ហើយបន្ថែមពីនោះកំពង់ផែនេះ ក៏នឹងជួយឲ្យពលរដ្ឋដែលរស់នៅលើកោះ កាន់តែងាយស្រួលក្នុងការរស់នៅ និងបានជះផលល្អដល់សេដ្ឋកិច្ចគ្រួសារ តាមរយៈវិស័យទេសចរណ៍។
គួរបញ្ជាក់ថា ក្រៅពីគម្រោងដែលកំពុងដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលទទួលកម្ចីពី ADB កោះទន្សាយនៃខេត្តកែប ក៏មានវិស័យឯកជនរបស់ កំពុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួនផងដែរ លើផ្ទៃដីជាង ១៤០ហិកតា នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយ និងប្រកបដោយទំនើបភាព៕
អត្ថបទ៖ ង៉ុង សាន់