ព័ត៌មានជាតិ

ស្រាចេក ថ្មបាំង មានវត្តមាននៅក្នុងហាងទំនើប ក្នុងក្រុងខេមរភូមិន្ទ

image

កោះកុង៖ ទោះបីជាតម្រូវការហាក់មានការថមថយជាងមុនក៏ដោយ ប៉ុន្តែកសិករមួយចំនួនតូចនៅស្រុកថ្មបាំង នៅតែបង្កើនស្នាដៃបិតស្រាបុរាណ ដែលធ្វើឡើងពីផ្លែចេកណាំវ៉ា ឬចេកទឹកទុំ តាមប្រពៃណីតាំងពីដូនតាមក រហូតអាចនាំយកដាក់លក់ក្នុងហាងទំនើប ក្នុងក្រុងខេមរភូមិន្ទ បានផងដែរ។

បើតាមទម្លាប់ អ៊ុំស្រី ពេញ សារឿន អាយុ ៦៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង និងជាអ្នកបិតស្រាចេកមួយរូប បានឱ្យដឹងថា វិធីសាស្ត្រនៃការបិតស្រាចេក គាត់បានចេះតាមឪពុក ដោយតាំងពីដឹងក្តីមក ឃើញឪពុករបស់គាត់បិតស្រានេះរួចទៅហើយ ជាពិសេសការបិតស្រានៅជំនាន់ឪពុករបស់គាត់ ពោលគឺគេពុំដែលបិតស្រានៅក្នុងថ្ងៃសីលនោះទេ។ 

ពាក់ព័ន្ធការលាយមេដំបែសម្រាប់បិតស្រាចេក ជំនាន់ដើម ប្រើតែមេដំបែធម្មជាតិប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមានប្រើមេដំបែទិញពីផ្សារ។ ស្រាចេក ដែលប្រើមេដំបែធម្មជាតិ មានរសជាតិឆ្ងាញ់ជាង និងមានតម្លៃថ្លៃជាងស្រាចេកដែលប្រើមេដំបែទិញពីផ្សារ។ ការផ្សំមេដំបែធម្មជាតិ មានឈើអែម ក្រវ៉ាញ រំដេង ម្ទេស ម្រេចគ្រាប់ ខ្ទឹមស ខ្ទឹមក្រហម និងម្ស៉ៅខ្សាយ។

អ្នកស្រី ដួង ចាន់ថន ជាអ្នកបិតស្រាចេក បន្តពីជំនាន់ដូនតាមក នៅក្នុងភូមិកណ្តាល ឃុំតាទៃលើ គាត់កំពុងកាក់កបគ្រាន់បើជាគេ ព្រោះថា ការបិតស្រាចេក របស់គាត់ធ្វើឡើងដោយប្រើដំបែធម្មជាតិពិតៗ ហើយក្នុងមួយខែគាត់ផលិតបានត្រឹមតែពីរទៅបីឆ្នាំងប៉ុណ្ណោះ ដោយក្នុងមួយឆ្នាំងមានចំណុះ ៥លីត្រ ក្នុងមួយលីត្រគាត់លក់ដល់ទៅ ២០ដុល្លារ ទទួលផលចំណេញច្រើន ខណៈរូបគាត់មានចម្ការចេកផ្ទាល់ខ្លួន។

អ្នកស្រីបន្តថា សព្វថ្ងៃការទទួលទានរបស់ពលរដ្ឋក្នុងមូលដ្ឋាននេះហាក់ មានចំនួនតិចតួច ចំពោះការបញ្ជាទិញនៅលើទីផ្សារវិញក៏មានកម្រិតទាបដែរ ប៉ុន្តែទោះបីជាយ៉ាងណា ខាងមន្ទីរជំនាញពាក់ព័ន្ធ មានមន្ទីរកិច្ចការនារី មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម និងអង្គការដៃគូនានា បានកំពុងយកចិត្តទុកដាក់ទំនាក់ទំនងរកទីផ្សារចេញទៅក្រៅប្រទេសក្នុងតំបន់។

បើតាមការស្រាវជ្រាវរបស់មន្ត្រីផ្នែកបុរាណវិទ្យានៃមន្ទីរវប្បធម៌ បានបញ្ជាក់ថា អ្នកស្រុកនៅតំបន់នោះ ចាត់ទុកស្រាជាគ្រឿងរណ្តាប់ចម្បង ឬគ្រឿងរណ្តាប់សំខាន់ក្នុងកិច្ចពិធីនានា មិនថាស្រាចេក ឬស្រាអង្ករនោះទេ។ ស្រាប្រៀបដូចព្រលឹងវិញ្ញាណ ឬ ទូតសម្រាប់ទំនាក់ទំនងរវាងមនុស្ស និងអមនុស្សនៅក្នុងជំនឿរបស់ពលរដ្ឋនៅក្នុងតំបន់នោះ។ ទាំងនេះបញ្ជាក់កាន់តែច្បាស់ថា ប្រពៃណីបិតស្រាចេកនៅក្នុងតំបន់មួយនេះគឺមានអាយុកាល និងការផលិតយូរយាណាស់មកហើយ និងបានផ្សាភ្ជាប់ជាមួយជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុក៕

អត្ថបទ៖ តាំង សុន្នី