ព័ត៌មានជាតិ

ដំណើរការសាងសង់ផ្លូវខេត្តលេខ៣៧៧ ប្រវែងជាង៣៥គីឡូម៉ែត្រ ពីរង្វង់មូលព្រាបស នៅទីរួមខេត្តក្រចេះ ទៅស្រុកសំបូរ គ្រោងនឹងសាងសង់រួចមុនផែនការ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ពលរដ្ឋ

image


ខេត្តក្រចេះ ៖ ដំណើរការសាងសង់ផ្លូវខេត្តលេខ ៣៧៧ ពីរង្វង់មូលព្រាបស នៅទីរួមខេត្តក្រចេះ ទៅស្រុកសំបូរ ដែលមានប្រវែង ៣៥.៥ គីឡូម៉ែត្រ និងមានស្ពាន៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ គ្រោងនឹងសាងសង់រួចមុនផែនការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ។

លោក ផែង សុវិជ្ជនោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវខេត្តលេខ ៣៧៧ ពីរង្វង់មូលព្រាបស ទៅទីរួម ស្រុកសំបូរប្រវែង ៣៥.៥ គីឡូម៉ែត្រ ដែលមានស្ពាន៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៣ និងផ្លូវខេត្តលេខ៣៧៧A ពីឃុំសណ្ដាន់ឆ្ពោះទៅផ្លូវជាតិលេខ៧ ប្រវែង១៣.៥ គីឡូម៉ែត្រ សម្រេចបានលទ្ធផល ៣២.៥៧% គិតត្រឹមខែកុម្ភៈ ហើយរយៈពេលសាងសង់ចំនួន ១៨ ខែ និងត្រូវថែទាំរយៈពេល ៦០ ខែ ។

លោកបានបន្តថា ដំណើរការសាងសង់នឹងបានបញ្ចប់មុនផែនការ ឆាប់ទទួលបានផ្លូវល្អប្រើប្រាស់ ហើយក្នុងកិច្ចដំណើរការសាងសង់ របស់ក្រុមហ៊ុននេះ ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ មានការយល់យោគអធ្យាស្រ័យ ដែលប៉ះពាល់ ឬរំខានដល់ការរស់នៅ និងរបបប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

គួររំលឹកដែរថា ផ្លូវមួយខ្សែនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការធ្វើដំណើរលើវិស័យទេសចរណ៍របស់ខេត្តក្រចេះ ដែលផ្លូវមួយខ្សែនេះ អាចធ្វើដំណើរទៅរមណីយដ្ឋានជាច្រើន តាមដងទន្លេមេគង្គនៃត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍អន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ទៅទស្សនាវិហារសសរ ១០០ , និងតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ថា ផ្លូវផ្លូវខេត្តលេខ ៣៧៧ អាចជួយសម្រួលដល់ការធ្វើដំណើរក្នុងការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ និងការធ្វើដំណើររបស់ប្រជាជនទៅមន្ទីពេទ្យ និង សិស្សានុសិស្ស ទៅសាលារៀន ឱ្យកាន់តែងាយស្រួលថែមមួយកម្រិតទៀត ៕

ដោយ៖សារី ណែត