គណៈកម្មការជាតិ ចុះវាយតម្លៃសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ហៅកាត់ថា (គវអ) នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោក សែមស័ក្តិ សិនា ប្រធានផ្នែកលេខាធិការដ្ឋាន បានដឹកនាំក្រុមការងារ ចុះពិនិត្យវាយតម្លៃសាលាបឋមសិក្សាអនុវត្តស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក ប៉ិច សារ៉ាត់ នាយកសាលាបឋមសិក្សាអនុវត្ត បានឱ្យដឹងថា បច្ចុប្បន្នសាលាមានអគាសិក្សាចំនួន៣ខ្នង ស្មើនឹង ១៤បន្ទប់ មានគ្រូបង្រៀនសរុបចំនួន ២១នាក់ និងមានសិស្សសរុប៦៥១នាក់ ដោយបានដំណើរការសិក្សាមានចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ ហើយចំពោះលទ្ធផលនៃការសិក្សារបស់សិស្សនៅឆ្នាំ២០២៣-២០២៤នេះ ជាប់មធ្យមភាគ ៩៧,៣០ភាគរយ។
លោក សែមស័ក្តិ សិនា ប្រធានផ្នែកលេខាធិការដ្ឋាន គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ហៅកាត់ថា (គវអ) បានបញ្ជាក់ថា ក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេចបវមកហាធិបតីហ៊ុន ម៉ាណែត គឺនឹងធ្វើការពង្រឹងគ្រប់សាលាទាំងអស់ជាជំហ៊ាន ពិសេសសាលារដ្ឋ ឱ្យខ្លាំង រឹងមាំ ដើម្បីជាមូលដ្ឋានអាចបណ្តុះបណ្តាលទាំងសមត្ថភាព និងឥរិយាបទ។
លោកបានបញ្ជាក់ទៀតថា នៅពេលដែលសាលាទទួលបានជាប់ក្រោយការវាយតម្លៃរបស់គណៈកម្មាការរួចហើយនោះ សាលានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដែលក្រុមការងារបានបំពេញបន្ថែម ជាសាលានៅក្នុងបរិបទថ្មីមួយ ទាំងការគ្រប់គ្រងដឹកនាំ ការរៀន និងបង្រៀន សំដៅលើកកម្ពស់ការអប់រំប្រកបដោយប្រសិទ្ធភាព ដែលជាសាលាជំនាន់ថ្មីមួយ ធ្វើឱ្យសិស្សចូលចិត្តសិក្សា ការរៀនសូត្រ ដោយបញ្ចូលរួមគ្នាទាំងភាសាបច្ចេកវិទ្យា បំណិនជីវិត ព្រមទាំងគុណធម៌ និងវប្បធម៌ ដែលមានការគាំទ្រជាក់លាក់ ដើម្បីឱ្យសាលារដ្ឋជំនាន់ថ្មីនេះ កើតឡើងគឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានអាណាព្យាបាល អាជ្ញាធរមូលដ្ឋាន គណគ្រប់គ្រងសាលា សហគមន៍ និងលោគ្រូ អ្នកគ្រូ ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការបង្រៀន៕
អត្ថបទ៖ ហឹង ចូច