ព័ត៌មានជាតិ

រមណីយដ្ឋាន “ភ្នំស” ជាកន្លែងប្រណិបត្តិពិធីសាសនា និងគយគន់ទេសភាពថ្ងៃលិចស្អាតជាងគេនៅខេត្តកំពត

image


កំពត៖ អភិបាលស្រុកទឹកឈូ បានបានអះអាងថា នឹងរៀបចំកែលម្អរមណីយដ្ឋាន “ភ្នំស” ឱ្យមានភាពទាក់ទាញ ទេសចរជាតិ និងអន្តរជាតិ ព្រោះភ្នំស ជាភ្នំថ្មដុះ អាចឱ្យអ្នកទេសចរឡើងលេងដល់កំពូល អង្គុយស្រូបខ្យល់បរិសុទ្ធ មើលទេសភាពក្រុង ទេសភាពព្រែក ដៃព្រែក និងជាកន្លែងដែលអាចគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលពីលើជួរភ្នំកំចាយ ពិសេសមានរូងភ្នំសម្រាប់អ្នកប្រណិបត្តិធម៌ និងគោរពបូជាតាមជំនឿសាសនាផងដែរ។
ក្នុងការចុះពិនិត្យ សិក្សាឈ្វេងយល់អំពីសត្តានុពលតំបន់រមណីយដ្ឋាន “ភ្នំស” ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា តំបន់ភ្នំសមានសក្តានុពលច្រើន ក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ ព្រោះកន្លែងនេះជាទីអាស្រមសម្រាប់អ្នកប្រណិបត្តិធម៌ និងជាទីសក្ការបូជាតាមបែបសាសនាពីបុរាណកាលមក។ ពិសេស ភ្នំស ជាកន្លែងតែមួយគត់នៅក្នុងខេត្តកំពត ដែលអាចឱ្យយើងមើលទេសភាពក្រុង និងទេសភាពថ្ងៃលិចពីលើជួរភ្នំកំចាយស្អាតជាងគេ។
លោកអភិបាលស្រុកបានបន្តថា ក្រោមការជំរុញលើកទឹកចិត្តពីអភិបាលខេត្តកំពត ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ពិសេសតាមបណ្តាស្រុកនីមួយៗ ជំហ៊ានដំបូងរដ្ឋបាលស្រុកនឹងធ្វើការរៀចំកែលម្អ កន្លែងចាំបាច់មួយចំនួននៅលើភ្នំសនេះ ដើម្បីបង្កភាពងាយស្រួលដល់ទេសចរជាតិ និងអន្តរជាតិ អាចមកទស្សនាបាន និងបង្កើនឱ្យមានភាពទាក់ទាញបន្ថែមផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំតំបន់ភ្នំស ឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញ និងជាគោលដៅទេសចរណ៍ថ្មីមួយរបស់ខេត្តកំពត។ តំបន់នេះ តភ្ជាប់ជាមួយតំបន់ទេសចរណ៍ឃុំកំពង់គ្រែង ពិសេសពេលឈរលើកំពូលភ្នំ (កម្ពស់ជាង ៣០០ម៉ែត្រ) គេអាចមើលទេសភាពតំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ(ទំបន់ប្រឡាក់ក្រឡា) ទេសភាពក្រុងកំពត ទេសភាពព្រែក ដៃព្រែក ទេសភាពថ្ងៃលិចពីលើជួរភ្នំកំចាយ ពោលគឺ ភ្នំស ជាកន្លែងសម្រាប់មើលថ្ងៃលិច និងថ្ងៃរះស្អាតជាងគេ៕
អត្ថបទ៖ វង្ស សុធារម្យ