សង្គម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញឆន្ទៈយ៉ាងមុតមាំ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់តួនាទី សិទ្ធិ អំណាច រួមទាំងការអភិវឌ្ឍសមត្ថភាពស្ត្រី

image


ភ្នំពេញ៖ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជៀបយេនឌ័រ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ជានិច្ចកាលតែងតែបានទទួលស្គាល់ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ជាតិ ដែលឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល និងមានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍សហសវត្សន៍កម្ពុជាជាដើម។

មានប្រសាសន៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការពង្រឹងក្របខ័ណ្ឌថវិការយេនឌ័រ ក្នុងបរិបទកម្ពុជា, លោកស្រីរដ្ឋលេខាធិការ បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៤ មុំទី១ ចំណុចទី៤ បានបន្តផ្តល់អាទិភាពលើការបង្កើនការវិនិយោគលើយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច, អប់រំ, សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីគ្រួសារ និង ចំនួនកូន, កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រទៅលើស្ត្រី និង ក្មេងស្រី, និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើបេសកកម្ម ដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា មានឆន្ទៈយ៉ាងមុតមាំ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់តួនាទី, សិទ្ធិ អំណាច រួមទាំងការអភិវឌ្ឍសមត្ថភាពស្ត្រី ដើម្បីទទួលបាននូវមុខតំណែងគ្រប់គ្រងនានា សំដៅធានាបង្កើនការចូលរួមរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម (ស្មើសិទ្ធិ និងស្មើឱកាស) ដោយឈរលើស្មារតី "ជួយស្ត្រីដូចជួយខ្លួនឯង"។

ក្នុងឱកាសនេះដែរ, លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា នៅកម្ពុជា ឆ្លងកាត់ការអនុវត្តអស់រយៈពេលជាង ២០ឆ្នាំ រហូតមកដល់ពេលនេះ យើងអនុវត្តការងារបញ្ជៀបយេនឌ័រ បានឈានដល់ ដំណាក់កាលទី៣ គឺការអនុវត្តអភិក្រមធ្វើបរិវត្តកម្មយេនឌ័រ ដែលកន្លងមក ក្របខណ្ឌការបញ្ញាបយេនឌ័រនៅកម្ពុជា៖ ដំណាក់កាល ទី១. ការបង្កើនការយល់ដឹង, ដំណាក់កាល ទី២.ការឆ្លើយតបហើយដំណាក់កាលទី ៣.ការធ្វើបវិវត្តកម្ម។

លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងនឹងត្រូវបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យនិងអនុម័ត គោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ឆ្នាំ២០២៤-២០៣៤ ដែលគោលនយោបាយនេះ គឺជាឯកសារគោល ក្នុងការធ្វើបរិវត្តកម្មយេនឌ័រនៅតាមវិស័យ ដើម្បីលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង-ស្ថាប័នការរៀបចំអភិក្រមធ្វើស្ថាប័ននីយកម្មយេនឌ័រ តាមក្រសួង-ស្ថាប័ន រួមទាំងកម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រ ប្រព័ន្ធតាមដាន និងវាយតម្លៃ និងការធ្វើបរិវត្តកម្មផ្នត់គំនិត និងឥរិយាបថរបស់សង្គម៕


អត្ថបទ៖ សន ពិសិដ្ឋ