ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ធានាអះអាងថា មន្ទីរពេទ្យគន្ធបុប្ផា គ្មានថ្ងៃបាត់បង់ឡើយ និងប្តេជ្ញាថែរក្សារបស់ដែលមាននៅក្នុងដៃមួយនេះ

image


សៀមរាប៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានលើកឡើងថា មន្ទីពេទ្យគុន្ធបុប្ផា ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យដែលមានគុណភាពក្នុងនិយាមអន្តរជាតិ។ ដូច្នេះត្រូវថែរក្សារបស់ដែលមាននៅក្នុងដៃ ដើម្បីកុំឲ្យមន្ទីរពេទ្យមួយនេះបាត់បង់។ លោកបានលើកឡើងដូចនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មី នៃមន្ទីរពេទ្យជ័យវរ័្មនទី៧ ឬគន្ធបុប្ផាទី៣ ខេត្ដសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ឈាង រ៉ា បានលើកឡើងថា អគារសម្ភពថ្មីនេះ ជាសមិទ្ធផលដ៏ធំដែលមានការជួយគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងសម្ដេចកត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានឧបត្ថម្ភថវិកា ២លានដុល្លារ សម្រាប់ជួយកសាងអគារសម្ភពថ្មីនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នេះ។ អាគារសម្ភពថ្មីនេះ នឹងជួយពង្រឹងសមត្ថភាពរបស់គ្រូពេទ្យក្នុងការជួយម្ដាយនៅពេលពួកគេសម្រាលកូន និងការថែទាំទាំងម្តាយ និងទារកប្រកបដោយគុណភាព ប្រសិទ្ធិភាពខ្ពស់។

លោករដ្ឋមន្ត្រី បានបន្តថា មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាមន្ទីរពេទ្យមួយដែលមានគុណភាពក្នុងនិយាមអន្ដរជាតិ ដែល ត្រូវខិតខំថែរក្សារបស់ដែលមាននៅក្នុងដៃ ហើយមន្ទីរពេទ្យនេះគ្មានថ្ងៃណាបាត់បង់ឡើយ មានតែការកើនឡើងទៅវិញ។ មន្ទីរពេទ្យកុមារជ័យវ្ម័ន្មទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣នេះ ក៏ជាម៉ាកមួយដែលត្រូវបានប្រជាពលរដ្ឋមានជំនឿទៅលើការដឹកនាំរាជរដ្ឋាភិបាល ជឿលើសមត្ថភាពក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប ក៏ដូចជាជឿលើរាជរដ្ឋាភិបាល ដែលបន្ដគាំទ្រពី វេជ្ជបណ្ឌិត រីចន័រ (Dr. Richner) និងជាមួយមិត្តរួមការងាររបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ។ លោកបានស្នើរឱ្យក្រុមគ្រូពេទ្យយកចិត្ដទុកដាក់ដល់ស្ដ្រីដែលចាប់តាំងពីពេលពរពោះ ដល់ឆ្លងទន្លេ រហូតដល់ទារកមានអាយុមួយពាន់ថ្ងៃ ជាពិសេសស្ដ្រីក្រក្រ ស្ដ្រីរងហានីភ័យ។

លោកសាស្ដ្រាចរ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវ័រ្មនទី៧ ឬមន្ទីរពេទ្យកុមារគន្ធបុប្ផា សៀមរាប មានប្រសាសន៍ថា មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់អគារសម្ភពថ្មីបន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន ៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

គម្រោងអគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់៣ជាន់ ដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥លានដុល្លារ និងប្រមាណ ៥០ម៉ឺនដុល្លារ សម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់ ដែលការសាងសង់នេះ ដើម្បីឆ្លើយតបតាមតម្រូវការពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ និងទារកប្រឈមក្រោយកំណើត។ ក្នុងឆ្នាំ២០២៣ មន្ទីរពេទ្យបានទទួលពិនិត្យតាមដានផ្ទៃពោះចំនួន ១០៨ ០១៩ករណី និងសម្រាលកូនបានចំនួន ២៥ ៥៨០នាក់ ក្នុងអត្រាកើតដោយវះកាត់ ចំនួន២០% និងអត្រាមរណភាពមាតាឆ្លងទន្លេក្នុងមន្ទីរពេទ្យចំនួន ០,0២%។ ជាមួយគ្នានេះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ១៥.០០១នាក់ បានទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមនៃរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ជា ស្រស់