អភិបាលខេត្តកែប ណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីនាវា និងទូកនេសាទឲ្យឆាប់រហ័ស

កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីនាវា និងទូកនេសាទ របស់អ្នកនេសាទនៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីងាយស្រួលគ្រប់គ្រង បញ្ចៀសឧបទ្ទវហេតុណាមួយដែលអាចកើតឡើងនៅក្នុងលម្ហសមុទ្រ ជាពិសេសដើម្បីចាកចេញពីកាតក្រហមរបស់សហភាពអឺរ៉ុប។
លោកមានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំពិភាក្សាការចុះបញ្ជីនាវានេសាទ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកែប ក្រោមអធិបតីភាព លោក នុត ច័ន្ទសុខា រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានស្នើឱ្យប្រជានេសាទ អញ្ជើញមកកាន់ច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ដែលនៅរង់ចាំបម្រើសេវា ក្នុងនោះលោកបានណែនាំ អ្នកពាក់ព័ន្ធជាពិសេសមន្រ្តីនៃការិយាល័យច្រកចេញចូលតែមួយ ត្រូវធ្វើការឱ្យបានលឿន និងមានតម្លាភាព។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានស្នើអាជ្ញាធរមូលដ្ឋាន យកស្មារតីអង្គប្រជុំនេះ ទៅអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឱ្យមកចុះបញ្ជីទូកនេសាទឱ្យបានទាន់ពេលវេលាផងដែរ។
លោក នុត ច័ន្ទសុខា បានលើកឡើងដែរថា ការចុះបញ្ជីសម្រាប់នាវា និងទូកនេសាទនេះ គឺផ្តោតសំខាន់សម្រាប់ការគ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារជួយសង្គ្រោះដោយឧបទ្ទវហេតុណាមួយនៅក្នុងលម្ហសមុទ្រ សំខាន់គឺធានានិរន្តរភាពធនធានធម្មជាតិក្នុងបាតសមុទ្រ និងដោះកាតក្រហមរបស់សហភាពអ៉ឺរ៉ុបដែលកម្ពុជាបានជាប់តាំងពីឆ្នាំ ២០១៤ ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ដូចនេះបើយើងរំដោះកាតក្រហមនេះយើងនិងអាចនាំកសិផលនេសាទទៅអ៉ីរ៉ុបបាន។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២-២០២៣ ខេត្តកែបមាននាវានេសាទចុះបញ្ជី ៥៩៤គ្រឿង ដោយឡែកក្នុងឆ្នាំ២០២៣-២០២៤នេះ នាវានេសាទក្នុងខេត្តកែបមិនទាន់បានចុះបញ្ជីនៅឡើយទេ៕
អត្ថបទ: ង៉ុង សាន់






