ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ប្រគល់រូបចម្លាក់ចំនួន៥ ជូនអាជ្ញាធរជាតិអប្សរា
ភ្នំពេញ៖ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន ៥ ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។
លោកស្រី នេត ស៊ីមន បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូនអាជ្ញាធរជាតិអប្សរា រួមមាន រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគក្នុងទម្រង់សមាធិបាត់ព្រះកេស និងបាត់ព្រះហស្តទាំងសងចំនួន២។
លោកស្រី បានបញ្ជាក់ទៀតថា ក្រោយពីប្រទះឃើញចម្លាក់ចំនួន៦ ក្រុមការងារបានសម្អាតរៀបចំឯកសារ និងសង្កេតឃើញថា ចម្លាក់បដិមាទាំង៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ពន្ធខ្លោងទ្វារខាងត្បូងនេះទេ លើកលែងតែថ្មកំពូលហោជាងដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែនមានទេពទ្រពីក្រោម១ផ្ទាំង ដែលត្រូវដាក់នៅទីតាំងដើមរបស់ខ្លោងទ្វារឡើងវិញលើកលែងតែរូបចម្លាក់ទាំង៥ខាងលើ ដែលត្រូវជូនអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុល និងរក្សាទុក៕
ដោយ៖ ម៉ៅ នរិទ្ធិយ៉ា