ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ៖ វិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើង ដើម្បីរំលឹកគុណវៀតណាមនោះទេ

image

កណ្តាល ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អះអាងថា វិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើង ដើម្បីរំលឹកគុណវៀតណាម ដូចការលើកឡើងរបស់អ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួននោះទេ។ 

ឯកឧត្ដម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយក ដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា វិមានឈ្នះ ឈ្នះ គឺសាងសង់ឡើង តំណាងឲ្យ សន្តិភាព ស្ថិរភាពនយោបាយ និង ការបញ្ចប់ សង្គ្រាម នៅក្នុងប្រទេសកម្ពុជា តាមរយៈ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

ការអះអាង របស់មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិនេះ ធ្វើឡើងបន្ទាប់ពីមានការចោលប្រកាន់ ពីសំណាក់អ្នកលេងក្នុងបណ្ដាញ សង្គមហ្វេសប៊ុកមួយចំនួនថា វិមានឈ្នះ ឈ្នះ ដែលសាងសង់ឡើងដោយកូនខ្មែរ និងនៅក្នុងទឹកដីខ្មែរ គឺជាការរំលឹកដឹងគុណ វៀតណាមដែលបានជួយរំដោះទឹកដីកម្ពុជាចេញភ្លើងសង្គ្រាម និងបានថា វិមានឈ្នះ ឈ្នះ នេះគឺជារបស់វៀតណាម។

ថ្លែងនៅក្នុងពិធីបាឋកថាចែក រំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទ ស្តីពី “វិមានឈ្នះ ឈ្នះ” ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាល និស្សិត និងសិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃទី៧ តុលានេះ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ដីឥដ្ឋ ខេត្តកណ្ដាល ឯកឧត្ដម នាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ទៀតថា រូបិយប័ណ្ណ ក្រដាស ១៥០០០ រៀល ដែលមានរូប វិមាន ឈ្នះ ឈ្នះ នៅក្នុងក្រដាសប្រាក់នេះ គឺរឿងប្រវត្តិសាស្រ្តមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ និងមានមោនភាពបំផុត សម្រាប់ប្រជាជនខ្មែរ ដែលទទួលបានការប្រើប្រាស់ក្រដាសប្រាក់ថ្មី ដែលតំណាងឲ្យការគ្រងរាជ រយៈពេល១៥ឆ្នាំ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ សុខសន្តិភាព ពេញលេញសម្រាប់ប្រជាជន កម្ពុជាទូទាំងប្រទេស។

ទន្ទឹមនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានព្រមាន ចំពោះក្រុម ឬ បុគ្គលណាដែលនៅតែចោលប្រកានថា វិមានឈ្នះឈ្នះ ជារបស់វៀតណាម និងចង់បង្កចលាចលនៅវិមានឈ្នះឈ្នះនោះ និងត្រូវបានបង្រ្កាបដោយកងកម្លាំងយោធា ក៏ដូចជាការ ប្រឈមមុខចំពោះមុខច្បាប់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្ដម នាយឧត្តមសេនីយ៍ នៅតែស្នើឲ្យអ្នករិះគន់ទាំងអស់នោះ ទៅស្វែលយល់ អំពីខ្លឹមសារ និងការសាងសង់ វិមានឈ្នះឈ្នះ នេះឲ្យយល់ច្បាស់ ដើម្បីកុំឲ្យមានការយល់ច្រឡំបែបនេះទៀត។

សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះ ត្រូវបានកសាងឡើង ដើម្បីបង្ហាញពីចងចាំ និងដឹងគុណដល់ការពុះពារគ្រប់យ៉ាងដើម្បី ទទួលបានសន្តិភាព និង សម្រាប់ជាការបង្ហាញពីសមិទ្ធផលនានាដែលកម្ពុជាទទួលបានរយៈពេល ២០ ឆ្នាំក្រោមនយោបាយឈ្នះ ឈ្នះ ព្រមទាំង ជាកន្លែងសម្រាប់សិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាផងដែរ៕ដោយ៖ ឃឹម វិសាល