អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ពន្លឿនសកម្មភាពក្រុមជាងជួសជុលស្ពានបាឡេ២ខ្សែដែលរងការខូចខាតដើម្បីជាប្រយោជន៍ពលរដ្ឋជាច្រើនពាន់គ្រួសារ
ស្ទឹងត្រែង៖ អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ សូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ស្ពានបាឡេ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅឃុំអូររៃ និងឃុំកាំងចាម ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ចំពោះការខកខានមិនបានបានប្រើប្រាស់ស្ពានខាងលើក្នុងរយៈពេលខ្លីបំផុត ដែលខណៈពេលនេះអាជ្ញាធរស្រុកកំពុងជំរុញក្រុមជាង ឲ្យញាប់ដៃជើងក្នុងការជួសជុលឡើងវិញជាបន្ទាន់ ដើម្បីបញ្ជៀសការរាំងស្ទះការធ្វើដំណើររបស់បងប្អូន។
អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានថ្លែងថា ស្ពានបាឡេដែលរងការខូចខាតខាងលើមានចំនួន២ខ្សែដែលមានប្រវែងសរុបជិត៦០ម៉ែត្រ ត្រង់ចំណុចអូរល្វារ និងអូរកំបោរ ក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង ។
លោកអភិបាលស្រុកបន្តថា ខណៈស្ពានកំពុងជួសជុល គឺមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះទេ តែស្រុកបានធ្វើផ្លូវបណ្ណោះអាសន្នមួយ ដើម្បីឲ្យប្រជាពលរដ្ឋបានឆ្លងកាត់រួចហើយ ។
លោកអភិបាលស្រុកបានបន្តឲ្យដឹងថា ស្ពានខាងលើមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលបានប្រើប្រាស់ស្ពាននេះ ដើម្បីដឹកកសិផលផ្សេងៗដែលពួកគាត់ធ្វើបាន មកកាន់ទីផ្សារ ដូច្នេះអាជ្ញារស្រុកបានចុះជំរុញក្រុមជាង និងធ្វើការអំពាវនាវឲ្យមានការចូលរួមពីសប្បុរសជនថែមទៀតផងដែរ ដើម្បីដំណើរការឲ្យបានឆាប់ហើយរួចរាល់៕
អត្ថបទ៖ ម៉ាក មេត្តា