ព័ត៌មានជាតិ

មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តប៉ៃលិន ប្រកាសឱ្យពលរដ្ឋយករថយន្តទៅពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីសុវត្ថិភាព ក្នុងការធ្វើដំណើរ

image


ប៉ៃលិន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC 1 បានរៀបចំដំណើរការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅក្នុងខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យបច្ចេកទេសរថយន្ត (ឆៀក) ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីតាំងសម្រាប់ការឆៀករថយន្តនេះ ស្ថិតនៅក្នុងមន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត  ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបានដាក់ឱ្យដំណើរបម្រើប្រជាពលរដ្ឋរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:០០ថ្ងៃត្រង់ រសៀលចាប់ពីម៉ោង ២:០០ រហូតដល់ម៉ោង ៥:០០ ធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ។

លោកអនុប្រធានមន្ទីរសាធារណការ បានបន្តថា ការត្រួតពិនិត្យយានយន្តនេះ ជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យ ដែលកាលពីមុនម្ចាស់យានយន្តត្រូវទៅធ្វើការត្រួតពិនិត្យនៅឯខេត្តបាត់ដំបង  ខេត្តសៀមរាប ឬរាជធានីភ្នំពេញ។ តែពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនចល័ត ធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ ពិសេសជួយពិនិត្យប្រព័ន្ធដំណើរយានយន្តឱ្យមានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ផងដែរ។

លោក គួន  មករា  ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានយូរអង្វែង ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច រួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការប្រើប្រាស់យានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស យករថយន្តទៅពិនិត្យឱ្យត្រូវបច្ចេកទេសឱ្យបានទៀងទាត់ តាមការកំណត់កុំឱ្យមានបញ្ហាកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលបង្កឡើងដោយរថយន្តខុសលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើន មានការយល់ដឹង ជាពិសេស បានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុតពីការគ្រោះថ្នាក់ដល់អាយុជីវិត៕

ដោយ៖ សុខ វិច្ឆ័យ