មន្ទីរសាធារណការ ខេត្តកំពង់ធំ ប្រកាសឱ្យពលរដ្ឋយករថយន្តទៅពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ
កំពង់ធំ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC បានរៀបចំដំណើរការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅក្នុងខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យបច្ចេកទេសរថយន្ត (ឆៀក) ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ។
លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីតាំងសម្រាប់ការឆៀករថយន្តនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចម្ងាយប្រមាណជាង ៣គីឡូម៉ែត្រ ពីទីរួមខេត្ត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយបានដាក់ឱ្យដំណើរបម្រើប្រជាពលរដ្ឋរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:០០ថ្ងៃត្រង់ រសៀលចាប់ពីម៉ោង ២:០០ រហូតដល់ម៉ោង៥:០០ ធ្វើការចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ។
លោកប្រធានមន្ទីរសាធារណការ បានឲ្យដឹងថា ការត្រួតពិនិត្យយានយន្តនេះ ជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យ ដែលកាលពីមុនម្ចាស់យានយន្តត្រូវទៅធ្វើការត្រួតពិនិត្យនៅឯខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ តែពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនអចល័ត ធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ ពិសេសជួយពិនិត្យម៉ាស៊ីនយានយន្តឱ្យមានដំណើរការក្នុងការធ្វើចរាចរណ៍ផងដែរ។
លោក ជូ កូឡា ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានយូរអង្វែង ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច រួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ទាំងអស់ដែលប្រើប្រាស់រថយន្ត យករថយន្តទៅពិនិត្យឱ្យត្រូវបច្ចេកទេសឱ្យបានទៀងទាត់ តាមការកំណត់កុំឱ្យមានបញ្ហាកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងចំពោះរថយន្តខុសលក្ខណៈបច្ចេកទេស។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើន មានការយល់ដឹង ជាពិសេស បានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុតពីការគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ៖ ស៊ុម ស៊ីថាវរី