សេដ្ឋកិច្ច

កម្ពុជា នាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ធ្លាក់ចុះជាង ១៣% នៅឆ្នាំ ២០២៣

image


ភ្នំពេញ៖ ប្រទេសកម្ពុជា បាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ធ្លាក់ចុះជាង ១៣% នៅក្នុងឆ្នាំ ២០២៣ ដោយសាតម្រូវការសកលថយចុះ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ទោះជាយ៉ាងនេះក្តី ពាណិជ្ជករ និងអ្នកសេដ្ឋកិច្ច យល់ឃើញថា វិស័យនេះនៅតែមានភាពធន់ទៅនឹងវិបត្តិ ដោយរំពឹងថា នៅឆ្នាំនេះ ការនាំចេញនឹងមេីលឃេីញកំណើនវិជ្ជមានឡើងវិញ ខណៈការបញ្ជាទិញនាពេលថ្មីៗនេះផ្តើមមានសម្ទុះយ៉ាងផុលផុស។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ របស់កម្ពុជា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣ សម្រេចបានតម្លៃទឹកប្រាក់ប្រមាណ ១១,០៩ពាន់លានដុល្លារ ធ្លាក់ចុះ ១៣,៣៥% បើធៀបកាលពីឆ្នាំ ២០២២។

ការធ្លាក់ចុះនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ នេះ ដោយសារការកើនឡើងអតិផរណា បានកាត់បន្ថយការចំណាយនៅក្នុងប្រទេសជាច្រើន រួមទាំងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ទោះជាយ៉ាងណាពាណិជ្ជករក្នុងឧស្សាហកម្មនេះរំពឹងថា ការនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើពីស្បែករបស់កម្ពុជា នៅឆ្នាំនេះ នឹងងើបឡើងវិញ ខណៈការបញ្ជាទិញថ្មីៗនេះកើនឡើងយ៉ាងខ្លាំង។

អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា បានលើកឡើងថា នៅចុងឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ប្រទេសដែលជាពាណិជ្ជកម្មដៃគូររបស់កម្ពុជា បាន និងកំពុងមានការបញ្ជាទិញយ៉ាងផុលផុស ដែលក្នុងនោះតាមរយៈការបញ្ជាទិញនេះ សមាគមរំពឹងថា នៅក្នុងឆ្នាំ ២០២៤នេះ ការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសការផលិតផលស្បែកជើង នឹងអាចនាំចេញប្រសើរជាងឆ្នាំ ២០២៣។

អ្នកឧកញ៉ាបានបន្ថែមថា ជុំវិញការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្ម នៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ កម្ពុជាទទួលបានរោងចក្រវិនិយោគថ្មីៗ កើនឡើងគួរឲ្យគត់សម្គាល់ ជាពិសេសការវិនិយោគលើឧស្សាហកម្មផលិតកម្មស្បែកជើង ដោយធ្វើឲ្យកិច្ចដំណើរផលិតប្រព្រឹត្តទៅដោយរលូន និងយ៉ាងល្អប្រសើរផងដែរ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារនំាចេញធំបំផុតសម្រាប់មុខទំនិញវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើររបស់កម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជរដ្ឋាបណ្ឌិតសភាកម្ពុជា បានថ្លែងថា នៅពេលសេដ្ឋកិច្ចសកលបានធ្លាក់ចុះ គឺបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ ការបូប និងស្បែកជើង តែវិស័យនេះយើងសង្កេតឃើញថា នៅតែមានភាពធន់ទៅនឹងវិបត្តិ ដែលក្នុងនោះត្រូវការគាំពារពីរាជរដ្ឋាភិបាលបន្ថែមទៀត ដើម្បីធ្វើឲ្យកិច្ចដំណើរការក្នុងស្រុក មានសម្ទុះផលិតកាន់តែខ្លាំង ដើម្បីជំរុញទីផ្សារនាំចេញឲ្យបានកាន់តែច្រើន។

លោកបណ្ឌិត ពន្យល់បន្ថែមថា ជុំវិញសេដ្ឋកិច្ចធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជានេះ បណ្តាលមកពីបញ្ហានៃវិបត្តិសកល ប៉ុន្តែក្នុងពេលថ្មីៗនេះ ដោយសារការចរចាររវាងចិន និងអាមេរិកបានត្រូវរ៉ូវគ្នា និងស្របពេលអាមេរិកបានទម្លាក់ការប្រាក់ ឥទ្ធិពលមកលើសេដ្ឋកិច្ចសកល ក៏ដូចប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំ ២០២៣ បានចាប់ផ្តើមងើបឡើងបន្តិចម្តងៗ។

យោងតាមឯកសារថវិកាសង្ខេបឆ្នាំ២០២៤ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានព្យាករនឹងងើបឡើងវិញ ហើយរំពឹងនឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦%។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា វិស័យវាយនភណ្ឌកាត់ដេរត្រូវបានព្យាករថា នឹងមាននិន្នាការងើបឡើងវិញ នៅឆ្នាំ ២០២៤ ដោយសារការងើបឡើងវិញនៃតម្រូវការសកល ពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។

ទន្ទឹមនឹងនេះ ការដាក់ចេញ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧» របស់រាជរដ្ឋាភិបាល ក៏ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងវិស័យនេះផងដែរ។

យ៉ាងណាមិញ ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចបង្កជាបច្ច័យអវិជ្ជមានដល់វិស័យនេះផងដែរ៕

អត្ថបទ៖ សៀម ប៊ុនធី