សង្គម

កំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា

image


អត្ថបទ៖ ប៊ុត សុភ័ក្រ


មណ្ឌលគិរី៖ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។

លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការខូចខាតបណ្តាលមកពីគ្រោះធម្មជាតិនេះ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាបានហើយ។

លោក បញ្ជាក់ថា ក្រុមការងារបានធ្វើការស្រោចកៅស៊ូ រោយថ្មទំហំ ១៩ ម.ម. រួចទាំងស្រុងហើយ លើកំណាត់ផ្លូវជាតិលេខ៧៦ ប្រវែង៤២៥ម៉ែត្រ (PK93+900 to PK94+325) ដើម្បីតភ្ជាប់ឡើងវិញ ជំនួសផ្លូវជាតិលេខ៧៦ ដែលបានរអិលស្រុតចុះកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣កន្លងមកនោះ ។

គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល - សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕