ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រៀមដាក់ឲ្យដំណើរការឡើងវិញ

image


មណ្ឌលគិរី៖ បច្ចុប្បន្ន កំណាត់ផ្លូវ ដែលរងការខូចខាតបណ្តាលមកពីគ្រោះធម្មជាតិនេះ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រៀមដាក់ឲ្យដំណើរការឡើងវិញ នាពេលខាងមុខ។

លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ធ្នូ ២០២៣ កំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការបាក់ស្រុតនារដូវវស្សាកន្លងមកត្រូវបានតភ្ជាប់ និងអ៊ុតកៅស៊ូរួចរាល់ហើយ។

លោក រស់ គីមធន បញ្ជាក់ថា ក្រុមការងារបានធ្វើការស្រោចកៅស៊ូ រោយថ្មទំហំ ១៩ ម.ម. រួចទាំងស្រុងហើយ លើកំណាត់ផ្លូវជាតិលេខ៧៦ ប្រវែង៤២៥ម៉ែត្រ (PK93+900 to PK94+325) ដើម្បីតភ្ជាប់ឡើងវិញ ជំនួសផ្លូវជាតិលេខ៧៦ ដែលបានរអិលស្រុតចុះកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣កន្លងមកនោះ ។

គួររំលឹកដែរថា កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កំណាត់ផ្លូវជាតិលេខ៧៦បានបាក់ស្រុតដី នៅចំណុចអូរងើយ ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី មានសភាពធ្ងន់ធ្ងរខ្លាំង រហូតអាជ្ញាធរត្រូវបង្ខំបិទផ្អាកចរាចរណ៍ទាំងស្រុង ហើយការធ្វើដំណើរចេញចូល និងដឹកទំនិញនានា កាលនោះត្រូវធ្វើដំណើរវៀងតាមខេត្តរតនគិរី៕


អត្ថបទ៖ ប៊ុត សុភ័ក្រ