តួលេខអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅតំបន់ភាគពាយ័ព្យប្រទេសចិន កើនឡើងដល់១៣១នាក់
ចិន៖ អាជ្ញាធរខេត្តហ្គាន់ស៊ូ ភាគពាយ័ព្យប្រទេសចិនបានឱ្យដឹងថា គ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិតរំញ័រ ៦.២ តាមរង្វាស់រ៉ិចទ័រ បានកើតឡើងនៅជិតពាក់កណ្តាលអធ្រាត្រនិងបានសម្លាប់មនុស្សយ៉ាងហោចណាស ១០៥នាក់ និងរបួសជិត ៤០០នាក់។ បន្ទាប់មក ទីភ្នាក់ងារសារព័ត៌មាន CNN បានធ្វើបច្ចុប្បន្នភាពចំពោះតួលេខអ្នកស្លាប់ ដោយបញ្ជាក់ថាមានកំណើនរហូតដល់ ១៣១ នាក់ស្របពេលអ្នករងរបួសមានចំនួនជិត ៨០០ នាក់ ។
ទន្ទឹមនឹងនេះ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋចិន CCTV បានឱ្យដឹងបន្ថែមទៀតថា គ្រោះរញ្ជួយដីនេះបានបង្កឱ្យលំនៅដ្ឋាននិងអគារស្នាក់នៅរបស់ពលរដ្ឋជាច្រើនខ្នងត្រូវដួលរលំ ខណៈចរន្តអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកប្រើប្រាស់សម្រាប់អ្នកស្រុកនៅក្នុងតំបន់ទំាងមូលទទួលរងការខូចខាតនិងកាត់ផ្តាច់ទំាងស្រុង។
យោងតាមរូបភាពផ្សព្វផ្សាយដោយភ្នាក់ងារ CCTV បានបង្ហាញពីទិដ្ឋភាពក្រុមការងារអ្នកជួយសង្គ្រោះកំពុងខិតខំជីកកកាយនៅតាមគំនរបាក់បែកដើម្បីស្វែងរកអ្នកបាត់ខ្លួន ស្របពេលមានដីល្បាប់ជាច្រើនបានបាក់រអិលទៅលើដងផ្លូវនិងផ្ទះសម្បែងរបស់ពលរដ្ឋនិងបង្កការលំបាកក្នុងការធើ្វដំណើរ។
គួររំលឹកដែរថា ហេតុការណ៍រញ្ជួយដីខាងលើនេះ បានកើតឡើងក្រោយមួយឆ្នាំ បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៦ តាមរង្វាស់រ៉ិចទ័រ នៅក្នុងខេត្ត ស៊ីឈួន ភាគនិរតីប្រទេសចិនកាលពីខែកញ្ញាឆ្នាំ ២០២២ ដោយបានបណ្តាលឱ្យមនុស្សស្លាប់ជិត ១០០នាក់។
ដោយឡែក រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសចិនបានឱ្យដឹងពីការត្រៀមបញ្ចេញនូវថវិកាជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ប្រមាណជា ២០០លានយាន់ ស្មើនឹងជាង ២៨លានដុល្លារ សម្រាប់ជួយសង្គ្រោះពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងខេត្តហ្គាន់ស៊ូ និងខេត្តឈីងហៃ ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect