ព័ត៌មានអន្តរជាតិ

ស្ត្រី និងក្មេងស្រី១៩នាក់ ត្រូវបានរំដោះចេញ ពីរោងចក្រផលិតទារក នៅនីហ្សេរីយ៉ា

image

ប៉ូលីស នៅក្នុងទីក្រុងធំបំផុត របស់ប្រទេសនីហ្សេរីយ៉ា គឺ Lagos បានប្រកាសថា ពួកគេបានរំដោះស្ត្រី និងក្មេងស្រីចំនួន១៩នាក់ ពីការជាប់ជាឈ្លើយ។

ប៉ូលីស និយាយថា ពួកគេត្រូវបានចាប់ពង្រត់ និងត្រូវបានចាប់ជំរិត ពីជនល្មើស ដែលមានគំរោងលក់កូនរបស់ពួកគេ។

ក្រុមមន្រ្តី បាននិយាយថា ក្មេងស្រី និងស្ត្រី ដែលមានអាយុពី១៥ ទៅ២៨ឆ្នាំ ត្រូវបាននាំយកមកពីទូទាំង ប្រទេសនីហ្សេរីយ៉ា។ ក្នុងនោះ ទារកបួននាក់ ក៏ត្រូវបានរកឃើញដែរ។

អ្នកនាំពាក្យប៉ូលីសម្នាក់ ឈ្មោះ Bala Elkana ថ្លែងថា ក្មេងប្រុសៗ ត្រូវបានលក់ ដោយអ្នកជួញដូរ ក្នុងតម្លៃ៥០០.០០០ naira ស្មើនឹង១.៦៣០ ដុល្លារអាមេរិក ដោយក្មេងស្រីត្រូវបានលក់ ក្នុងតម្លៃ៣០០.០០០ naira ៩៨០ដុល្លារ ។ ប៉ូលីស បញ្ជាក់ថា "រោងចក្រផលិតទារក" នេះ នៅភាគខាងកើត នៃប្រទេសនីហ្សេរីយ៉ា។

អ្នកនាំពាក្យរូបនេះថា ការវាយឆ្មក់កើតឡើង នៅថ្ងៃទី ១៩ ខែកញ្ញា ប៉ុន្តែត្រូវបានរក្សាជាការសម្ងាត់ ដើម្បីឱ្យប៉ូលីសចាប់ខ្លួនជនសង្ស័យ។ ស្ត្រីពីរនាក់ ដែលមានអាយុ ៤០ និង ៥៤ ឆ្នាំ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ នឹងករណីនេះ ហើយប៉ូលីសកំពុងតែតាមរកមនុស្សទី៣។

លោក Elkana និយាយថា នាយកដ្ឋានស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្ម នឹងទទួលយកករណីនេះ ហើយកំពុងធ្វើការ ជាមួយទីភ្នាក់ងារផ្សេងទៀត ដើម្បីតាំងទីលំនៅស្ត្រីក្មេងស្រី និងទារក៕