សន្តិសុខសង្គម

រថយន្តសេរីទំនើបបើកបុក និងកិនម៉ូតូអូសជាច្រើនម៉ែត្រ​ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

image


ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តស៊េរីទំនើប Jeep Gladiator បើកបរក្នុងល្បឿនលឿនឆ្លងផ្លូវបំបែក ស្របពេលបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវបំបែកដូចគ្នា ក៏បានបុកម៉ូតូ និងកិនអូសជាច្រើនម៉ែត្រ ចំណែកមនុស្សបានស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីវេលាម៉ោង ១១:៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជា៤ លេខ៣១៧ កែងនឹងផ្លូវលេខ៥៦៦ ក្នុងមូលដ្ឋាននៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញបុរសរងគ្រោះជិះម៉ូតូឃ្លីក ពណ៌ស ស្លាកលេខ ភ្នំពេញ1DF-5396 តាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត។ ចំណែករថយន្ត Jeep Gladiator ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2CB-9963 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរស ២នាក់ ទៀត សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបរក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលរថយន្តបើកលឿនដូចហោះ បោះពួយទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់នឹងកន្លែង។ ចំណែករថយន្តនៅមានល្បឿន បានកិនអូសម៉ូតូឃ្លីករបស់បុរសរងគ្រោះជាង ១៥ម៉ែត្រ បណ្តាលឱ្យបំណែកម៉ូតូត្រូវបានបែកបាក់ជ្រុះតាមផ្លូវ ខណៈម៉ូតូនៅក្រោមកង់រថយន្តទាំងមូលរងការខូចខាតខ្ទិចខ្ទី។
ក្រោយកើតហេតុសមាជិកគ្រួសាអ្នកស្លាប់ បានមកដល់ទីតាំងកើតហេតុ។ ជនរងគ្រោះមានវ័យ ២៩ឆ្នាំ ភេទប្រុស សភាពសពដេកស្លាប់ផ្កាប់មុខ ចំណែកក្បាលមានស្នាមបែកហូរឈាមពេញក្បាល។ បន្ទាប់មកភាគីខាងម្ចាស់រថយន្តបានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តរបស់ខ្លួននៅទីតាំងកើតហេតុ ហើយមួយសន្ទុះក្រោយម សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ។
ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកសិន រង់ចាំក្រុមគ្រួសារសពទៅទទួល ឬដាក់ពាក្យបណ្តឹង អនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
ដោយ៖ ឌីយ៉ាម៉ង់