សហគមន៍កសិកម្មផ្គត់ផ្គង់កសិផលខេត្តស្វាយរៀង ប្រមូលទិញបន្លែចម្រុះពីពលរដ្ឋគ្មានសារធាតុគីមីផ្គត់ផ្គង់ផ្សារទំនើបនានា នៅរាជធានីភ្នំពេញ
អត្ថបទ៖ មិន ភក្តី
ស្វាយរៀង៖ បន្លែចម្រុះជាច្រើនប្រភេទ និង គ្រឿងជីរសព្វមុខសរុប ៣២មុខ មាន់ស្រស់ សម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក តាមភោជនីយដ្ឋាន និងផ្សារនើបនានាផ្សេងទៀតនៅរាជធានីភ្នំពេញ ត្រូវបាននាំទៅលក់តាមរយៈសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលខេត្តស្វាយរៀង។
បើតាមលោក មាស សំអឿន ជាប្រជាពលរដ្ឋរស់នៅភូមិឫស្សីព្រៃ ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងជាកសិករគំរូម្នាក់ក្នុងការដាំដំណាំបន្លែសរីរាង្គអាចរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវភាពគ្រួសារប្រសើរជាងមុខរបរកសិកម្មផ្សេងទៀត បានរៀបរាប់ប្រាប់ CNC ឲ្យដឹងថា បន្លែដែលលោកបានដាំមានជាច្រើនមុខដូចជាត្រសក់ ននោង ត្រឡាច ម្រះ ផ្ទី និងគ្រឿងជីរសព្វមុខសម្រាប់ផ្គត់ផ្គង់តាមទីផ្សារនានានៅក្នុងក្រុងស្វាយរៀងនិងមានបញ្ជាទិញពីសហគមន៍ដើម្បីយកទៅផ្គត់ផ្គង់ផ្សារទំនើបនានាតាមរយៈសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀងនិងមានម៉ូយមកទិញដល់ផ្ទះយកទៅលក់បន្តនៅទីផ្សារផងដែរ។
បើតាម នុត សាមាន អនុប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផលស្វាយរៀងបា្រប់ CNC ឲ្យដឹងដែរថា សព្វថ្ងៃប្រជាសហគមន៍ដែលដាំដុះបន្លែចម្រុះចងក្រងជាសហគមន៍ជាង៣០០គ្រួសារស្មើ៥ក្រុងស្រុកក្នុងខេត្តស្វាយរៀងហើយរាល់ដំណាំកសិផលដែលពួកគាត់ដាំគឺប្រើជីចេញពីឡឧស្ម័នផលិតពីលីមកសត្វហើយផលិតបានគឺមានប្រធានតំបន់នីមួយៗតាមការបញ្ជាទិញរបស់ ហាង ភោជនីយដ្ឋាន និងផ្សារទំនើបក្រៅពីនេះពួកគាត់មានម៉ូយមកទិញនិងយកទៅលក់បន្តនៅតាមទីផ្សារនានាដែលនៅជិតតំបន់របស់ពួកគាត់។
លោកបានបន្តទៀតថា ការបញ្ជាទិញទៅដាក់លក់បន្តនៅតាមទីផ្សារទំនើបនានានៅរាជនីភ្នំពេញនោះក្នុងមួយជើងមានបន្លែស្លឹកនិងបន្លែផ្លែប្រមាណជាង៣០០គីឡូក្រាមដែលគេបញ្ជាទិញក្នុងមួយរំលងមួយថ្ងៃ។
បើតាមអ្នកស្រី ស សុភី ជាកសិករនិងអ្នកបម្រើការងារសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀងបានឲ្យដឹងថា ក្នុងរយៈពេល ២ ថ្ងៃលោកស្រីប្រមូលទិញម្ដងពីប្រជាពលរដ្ឋដែលបានដាំបន្លែគ្មានសារធាតុគីមីគឺប្រើជីធម្មជាតិសុទ្ធសាធ(ជីឡឧស្ម័ន)សម្រាប់យកទៅផ្គត់ផ្គង់ក្នុងផ្សារទំនើបនីរាជធានីភ្នំពេញ។
លោកស្រីបានបន្តថាការទិញស្តុកបន្លែនេះដោយសារលោកស្រីមានខាងសហគមន៍ដាំបន្លែធម្មជាតិស្រស់ៗពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់អ្នកស្រីដែលបានបង្កើតសហគមន៍នៅក្នុងខេត្តស្វាយរៀងហើយនៅក្នុងការទិញបន្លែពីប្រជាពលរដ្ឋនេះមានតម្លៃសមរម្យនិងអាចទទួលយកបានទៅតាមមុខទំនិញបន្លែផ្សេងៗ។
ជាមួយគ្នានេះ លោក នុត សាមាន បានបញ្ជាក់បន្ថែមទៀតថា បន្លែដែលខាងសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀងប្រមូលទិញនោះមានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ពីសំណាក់ប្រធានតំបន់នីមួយៗនៅតាមតំបន់ខ្លួនយកមកវេចខ្ចប់តាមស្តង់ដារអនាម័យមុននឹងធ្វើការដឹកជញ្ជូនទៅកាន់ទីផ្សារទំនើបជាដើម។ រីឯអ្នកបញ្ជាទិញពីសហគមន៍គឺគេពិនិត្យហ្មត់ចត់ណាស់ដោយយកទាំងដី ជី និង បន្លែយកទៅពិសោធន៍មុននឹងបញ្ជាទិញ។
ទន្ទឹមនឹងនេះដែរ ប្រជាកសិករជាអ្នកដាំបន្លែក្នុងសហគមន៍បានធ្វើការសំណូមពរទៅដល់អាជីករក៏ដូចអ្នកប្រើប្រាស់ជួយគាំទ្រដល់កសិករខ្មែរឲ្យបានច្រើនដើម្បីឲ្យពួកគាត់បន្តការងារដាំដុះបន្តលក់ឲ្យបានតម្លៃខ្ពស់និងមានការងារធ្វើរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ៕