ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ទទួលស្កុតឡែនថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ UEFA Euro 2024

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ UEFA Euro 2024 បានចាប់ពូលរកឃើញក្រុមដែលត្រូវប្រកួតគ្នាហើយ ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ស្ថិតនៅក្នុងពូល A នឹងត្រូវប្រកួតថ្ងៃបើកឆាកព្រឹត្តិការណ៍ ជាមួយក្រុមស្កុតឡែន។
អាល្លឺម៉ង់ម្ចាស់ជើងឯក ៣សម័យកាល នឹងត្រូវចាប់ផ្តើមការប្រកួត Euro 2024 ដោយប៉ះក្រុមស្កុតឡែន សម្រាប់ជំនួបពូល A មុនទៅប៉ះក្រុមក្នុងពូលផ្សេងទៀតរួមមាន ហុងគ្រី និងស្វ៊ីស។ UEFA Euro 2024 ធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ២០២៤ ដោយការប្រកួតផ្តាច់ព្រ័ត្រធ្វើឡើងនៅកីឡដ្ឋាន Berlin Olympic ដែលក្រុមហ៊ុន CBS ទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខសម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជាបានទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ស្ថិតក្នុងពូល A ក្នុងនាមជាក្រុមម្ចាស់ផ្ទះ លោក Julian Nagelsmann ដែលជាគ្រូបង្វឹកក្រុមអាល្លឺម៉ង់ បានចាត់ទុកថា ជាពូលមិនសូវមានក្រុមខ្លាំង ដែលអាចប្រជែងជាមួយនឹងអាល្លឺម៉ង់ប៉ុន្មានឡើយ។
លោក Nagelsmann បានចូលកាន់កាប់តំណែងជាគ្រូបង្វឹកក្រុមអាល្លឺម៉ង់ កាលពីខែសីហា បន្ទាប់ពីក្រុមអាល្លឺម៉ង់បានចែកផ្លូវពីលោក Hansi Flick ក្រោយប្រកួតចាញ់ជប៉ុនលទ្ធផល ៤-១ ក្នុងទឹកដី ដែលជាការប្រកួតចាញ់លើកទី៥ ជាប់ៗគ្នា។ ដឹកនាំអាល្លឺម៉ង់ ៣ប្រកួត លោក Nagelsmann ក៏បានយកឈ្នះការប្រកួត ១លើកលើក្រុមអាមេរិក ប៉ុន្តែចាញ់ក្រុមតួកគី និងអូទ្រីស។
ក្រឡែកទៅកាន់ពូល B ដែលអាចនិយាយបានថាជាពូលមរណៈ ដោយអ៊ីតាលី, អេស្ប៉ាញ, ក្រូអាស៊ី និងអាល់ប៉ានី ស្ថិតក្នុងពូលតែមួយ។ អេស្ប៉ាញត្រូវបានគេមើលឃើញថា ជាក្រុមខ្លាំងជាងគេស្ថិតក្នុងពូល B នេះ ប៉ុន្តែក្រុមចំណាត់ថ្នាក់លេខ ៣ នៅពានរង្វាន់ World Cup 2022 ក្រូអាស៊ី ក៏មិនមែនជាក្រុម ដែលងាយស្រួលយកឈ្នះផងដែរ។ អ៊ីតាលី ប៉ះ អេស្ប៉ាញ នឹងក្លាយជាជំនួបសងសឹករវាងក្រុមទាំងពីរ ។ អ៊ីតាលី បានយកឈ្នះលើក្រុមអេស្ប៉ាញ ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីរកបានដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះពាន Euro 2020។ កាលឆ្នាំ ២០១២ អ៊ីតាលី ចាញ់ អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ ៤-០ ហើយអេស្ប៉ាញលើកពាន។
ព័រទុយហ្គាល់ដែលជាក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពីវគ្គជម្រុះ ដោយមានលទ្ធផលឈ្នះ ១០០ភាគរយ ត្រូវបានចាប់ចូលពូល F ដោយមានក្រុមកំពុងឡើងជើងដូចជាតួកគី, សាធារណៈរដ្ឋឆែក និងក្រុមពីពូល C ឈ្នះកៅអីវគ្គ Playoffs។ អង់គ្លេសក៏ត្រូវបានចាប់ចូលពូលដែលមានក្រុមងាយស្រួលផងដែរ ដោយចាប់ចូលក្នុងពូល C ដែលមានក្រុមស្លូវ៉េនី, ដាណឺម៉ាក និងស៊ែប។
សម្រាប់ពូលរបស់ក្រុមដទៃផ្សេងទៀតសម្រាប់វគ្គចែកពូល Euro 2024 គឺពូល D មាន ក្រុមក្នុងពូល A ឈ្នះកៅអីវគ្គជម្រុះ Playoffs, ហូឡង់, អូទ្រីស និងបារាំង។ ចំពោះ ពូល E មាន បែលហ្ស៊ិក, ស្លូវ៉ាគី, រ៉ូម៉ានី និងក្រុមក្នុងពូល B ដែលឈ្នះកៅអីវគ្គជម្រុះ Playoffs៕
