ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋ
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
រូប៖ លោក អេង សុគុណ និងលោក លឹម មុនី
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា "កម្ពុជាសម្រេចបាន នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការពង្រីកសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋ" ។នេះជាការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០២៣នេះ ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ប្រមុខរាជរដ្ឋាភិបាលបានប្រកាសដាកឱ្យអនុវត្តនូវកម្មវធីគោលនយោបាយអាទិភាពចំនួនប្រាំមួយ ក្នុងនោះអាទិភាព ទី១ គឺ ពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ជាមួយនឹងអាទិភាពនេះ វិធានការគន្លឹះចំនួន ៣ ត្រូវដាក់ចេញ “។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា “ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើ ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន៖
ទី១. ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយយកចិត្តទុកដាក់លើការ ពង្រាយបុគ្គលិកគ្រប់ចំនួនដែលមានក្រមសីលធម៌ល្អ និងទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ការផ្គត់ផ្គង់ ឱសថ សំភារៈបរិក្ខារ និងការបំពាក់ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន/សុខាភិបាលឌីជីថល។
ទី២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយតកម្ម ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្ន សុខភាព និងការផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែមានភាពឆ្លើយតប ប្រកបដោយសមធម៌ និង គណនេយ្យភាពខ្ពស់ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងទី៣. ការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួល បានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់”។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងជម្រាបជូនសម្ដេចអធិបតី ក៏ដូចជាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអំពីការងារសកម្មភាពដែលបានតាមដានអំពីចំណុចខ្លាំងចំណុចខ្សោយ និងចំណុចដែលត្រូវកែលម្អបន្ថែម ដើម្បីពង្រឹងវិស័យសុខាភិបាល៕