ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដាក់ចេញផែនការជាតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០% នៅឆ្នាំ២០៣០

image


ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានដាក់ចេញនូវផែនការជាតិ ទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យបាន ៥០ភាគរយ នៅឆ្នាំ២០២៣ ដែលជាបញ្ហាដ៏ធំមួយរបស់កម្ពុជា ត្រូវដោះស្រាយ។
ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្ស សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានលើកឡើងថា ដើម្បីបង្កើនការយល់ដឹងពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក គ.ស.ច.គ ត្រូវបន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បង្កើនការអបរំផ្សព្វផ្សាយនៅតាមសាលារៀនក៏ដូចជាបញ្ចូលខ្លឹមសារខ្លះទៅមេរៀនថ្នាក់ទី៥ និងទី៦ ហើយក៏ទាមទារឲ្យមានការចូលរួមពីដៃគូនានា ដើម្បីធ្វើការងារអប់រំផ្សព្វផ្សាយនេះនៅតាមទីកន្លែងនានា។ មួយវិញទៀតចំពោះការពង្រឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនេះ ត្រូវអនុវត្តចាប់តាំងពីដើមអាណត្តិនេះតទៅ កុំចាំបាច់ដល់ពាក់កណ្ដាល ឬចុងអាណត្តិ ដែលវាមិនអាចធ្វើឲ្យពលរដ្ឋមានទម្លាប់បាន។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ បានលើកឡើងថា វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្សល់នូវបញ្ហាប្រឈមមួយចំនួន មិនទាន់បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមផែនការកំណត់នៅឡើយ។ ចំពោះបញ្ហាប្រឈម រួមមានការចូលរួមគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនៅមានកម្រិតពីសំណាក់អ្នកប្រើប្រាស់ផ្លូវ បញ្ហាសុវត្ថិភាពផ្លូវថ្នល់ និងសុវត្ថិភាពយានយន្ត សុទ្ធសឹងជាមូលហេតុចម្បង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវ ហើយការដាក់ចេញនូវផែនការនេះ សំដៅអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពវិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា សម្រាប់ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០មានសសរស្ដមចំនួន៦ រួមមាន ទី១ ពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ទី២ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, ទី៣ ពង្រឹងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ទី៤ ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់,ទី៥ ពង្រឹងប្រសិទ្ធភាព នៃសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ និងទី៦ ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា