ឈ្វេងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ខណៈឆ្នាំ២០២៣នេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះមហាក្សត្រ
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីអបអរព្រះរាជពិធីបុណ្យនេះ CNC សូមលើកយកនូវប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប មកផ្សាយជូនប្រិយមិត្តបានស្វែងយល់។ ប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ត្រូវបានដកស្រង់ចេញពី សៀវភៅ «ព្រះរាជពិធីទ្វាទសមាស» របស់ពុទ្ធសាសនបណ្ឌិត្យ
និងសៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិក នៃប្រាសាទអង្គរ។
បុណ្យអុំទូកនេះ មានការបកស្រាយ ប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។
យោងតាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពីដើមមានចែងថា នៅក្នុងសម័យអង្គរនា គ.ស. សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស. ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។
ចំណែកឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា សម័យលង្វែក ព.ស.២០៧១ គ.ស.១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុកមានដូចជា ទាហានជើងទឹក ចែកជា៣ក្រុម រួមមាន
ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។
និងក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូល តែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។
ចំពោះរបៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាននៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងឫទ្ធិ ឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះមានទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។
តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹក យ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះ រៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធ ក្នុងសម័យបុរាណនេះឯង។
រីឯឯកសារខ្លះបានសរសេរថា ព្រះរាជពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ របស់ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែល នឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា «សាំងហ្សង់» ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទង យ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិព្រះពុទ្ធ ជាម្ចាស់ ប៉ុន្តែការបកស្រាយមួយ ដែលអាចយកជាការគ្រប់គ្រាន់ គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យ កករល្អក់»។
ចំណែកឯការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ នៃព្រហ្មញ្ញសាសនា ហើយស្រប នឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាកសិករយើង។ ព្រះរាជពិធីបុណ្យ អុំទូកប្រព្រឹត្ត ទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឱ្យបឹងបួទាំងឡាយក្លាយ ទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំហើយ។ នៅពេលដែល ទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រពបឹងបួតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួហូរត្រឡប់ តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។
ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួមានប្រភពមកពីប្រទេសចិនដ៏សែនឆ្ងាយបានផ្តល់នូវ ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ នៃទន្លេបឹងបួទាំងឡាយ បានធ្វើឱ្យដីមានជីជាតិ បង្កបាននូវធនធានសម្បូរបែប នៅក្នុងប្រទេសកម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើតាមច្រវាក់នៃទឹកស្រក បានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។
ចំពោះប្រភពពិធីបណ្តែតប្រទីប គឺ គម្ពីទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤ នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ រួមមាន នៅត្រៃត្រឹង្សសួគ៌, នៅភពនាគ, នៅស្រុកគន្ធា និង នៅទន្ដបុរៈកលិង្គរដ្ឋ។
ចំណែក ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថាស្នាមព្រះបាទ ព្រះសាម្មាសាម្ពុទ្ធប្រតិស្ថាន នៅទីតាំង៥គឺ នៅសុវណ្ណមាលិបរពត, នៅសុវណ្ណបរពត, នៅសុមនកូដបរពត, នៅយោនកបុរី និង នៅស្ទឹងនម្មទា។
រីឯ ពាក្យសសើរព្រះបាទ «យស្សបាទេ» ទាំងបាលី ទាំងស្រមោល មានចែងថាព្រះបាទសម្មាសម្ពុទ្ធប្រតិស្ថាននៅទីទាំង៥ ដូចនៅក្នុងភាណរៈដែរ។
ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិ តែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូរមីខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្ដែតប្រទីប នៅយប់ ១៤-១៥កើត និង១រោជ ខែកត្តិក បូជាចំពោះព្រះចង្កូមកែវពិភពនាគ ព្រះពុទ្ធបានទៅស្ទឹងនម្មទា និងនៅទីឯទៀតដូចជាពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿងដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ៕
អត្ថបទ៖ CNC