ព័ត៌មានជាតិ

ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តរតនគិរី ថា គំនូស ស្លាកចរាចរណ៍ និងចំណាំងផ្លាត អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

image


រតនគិរី ៖ លោក សាយ សាមៀន ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ថា ការបំពាក់ស្លាកសញ្ញាចរាចរណ៍និងគោគំនូសចរាចរណ៍បានត្រឹមត្រូវ ព្រមទាំងចំណាំងផ្លាតពុះចំកណ្ដាលទ្រូងផ្លូវ អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់សាធារណជនដែល ធ្វើដំណើរតាមដងផ្លូវ មិនថាយប់ឬក៏ថ្ងៃ ។ នេះជាការបញ្ជាក់របស់លោកប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្ត បានប្រាប់ដល់ CNC តាមប្រព័ន្ធទូរស័ព្ទ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២៣។

លោកប្រធានមន្ទីរបានមានប្រសាសន៍ទៀតថា សម្រាប់ផ្លូវជាតិដែលស្ថិត ក្រោមដែនសមត្ថកិច្ចរបស់មន្ទីរ ខាងមន្ទីរបានជួសជុលថែទាំ និង បានបំពាក់ស្លាកសញ្ញាចរាចរណ៍ បំពាក់ចំណាំង ផ្លាត រួចរាល់ជាស្ថាពរមួយចំនួន និង មួយចំនួនទៀតកំពុងតែជំរុញនៃការស្ថាបនាសាងសង់។និងជួសជុលយ៉ាងមមាញឹក។

លោកប្រធានមន្ទីររូបនេះ បានបន្ថែមទៀតថាជាក់ស្ដែងសព្វថ្ងៃនេះខាងមន្ទីរបានបែងចែកកម្លាំងទៅតាមការដ្ឋាន ដែលជាដែនសមត្ថកិច្ចរបស់មន្ទីរសម្រាប់ជួសជុល និង ថែទាំជាប្រចាំ។ហើយបច្ចុប្បន្នទាំងក្នុងក្រុង និង ក្រៅក្រុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពុងមមាញឹកក្នុងការដាក់ចំណាំងផ្លាត និង គូរគំនូសចរាចរណ៍ទៅលើផ្លូវ ដែលទើបតែស្ថាបនារួចរាល់។

លោកបន្ថែមថា ពេលនេះសកម្មភាពរបស់មន្ទីរកំពុងតែស្ថាបនាធ្វើផ្លូវនៅក្នុងក្រុង និងក្រុមការងារកំពុងគូសគំនូសចរាចរណ៍ដាំចំណាំង់៊ផ្លាតដែលហៅថា ( ភ្នែកឆ្មា )និងដាក់ស្លាកចរាចរណ៍ផ្លូវមួយខ្សែដែលចេញពីទីក្រុងបានលុងឆ្ពោះទៅតំបន់កន្ទុយនាគ ហើយ ផ្លូវដែលកំពុងគូសគំនូសចរាចរណ៍និងដាក់ស្លាកសញ្ញានេះ គឺ ជាផ្លូវជាតិលេខ ៧៨-៥ មានប្រវែងសរុប១៩១ គីឡូម៉ែត្រ ដែលបំបែកពីផ្លូវជាតិលេខ ៧៨ កែងស្ថានីយប្រេងឥន្ធនៈតូតាល់ ក្នុងក្រុងបានលុងឆ្លងកាត់ ស្រុកអូរជុំ ដល់ស្រុកតាវែង ឆ្ពោះទៅតំបន់កន្ទុយនាគព្រំប្រទល់ ប្រទេសកម្ពុជាវៀតណាម និង ឡាវ ដែលហៅថាតំបន់មុំបីកន្ទុយនាគ។ ហើយផ្លូវមួយខ្សែនេះបានបែងចែកជាបីកំណាត់ ក្នុងការស្ថាបនាដោយកំណត់ទី ១ ចាប់បំបែកពីផ្លូវជាតិលេខ ៧៨ កែងស្ថានីយប្រេងឥន្ធនៈតូតាល់ក្រុងបានលុង ដល់ ភូមិស្វាយ ឃុំ ប៉ូយ ស្រុកអូរជុំមានប្រវែង២១.៩៥ គីឡូម៉ែត្រដោយក្រាលកៅស៊ូ DBST និងបានបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ២៤០ ផ្លាកគំនូសចរាចរណ៍ព្រមទាំងបានដាំភ្នែកឆ្មា ៣M លើទ្រូងផ្លូវរួចរាល់ជាស្ថាពរ។

កំណាត់ទី ២ ចាប់ផ្ដើមពីភូមិស្វាយឃុំប៉ូយស្រុកអូរជុំដល់ទីរួមស្រុកតាវែងមានប្រវែង២៤.០៩ គីឡូម៉ែត្រក្រាលល្បាយថ្មភ្នំ និងកំណត់ផ្លូវទី ៣ ស្ថិតក្នុងទីរួមស្រុកតាវែងមានប្រវែង ១ គីឡូម៉ែត្រទទឹង ១០ ម៉ែត្រក្រាលកៅស៊ូ និងស្ថាបនាលូទោលទទឹងផ្លូវមុខមួយម៉ែត្រប្រវែង ១២ ម៉ែត្រចំនួន ២កន្លែងស្ថាបនាលូទោលបណ្ដោយផ្លូវ មុខ ១ ម៉ែត្រប្រវែង ២០០០ ម៉ែត្រនិងអណ្ដូងលូ ៊៨៧ កន្លែងរៀបខឿនចិញ្ចើមផ្លូវប្រវែង៷៸ ២០០០ម៉ែត្រព្រមទាំងគូគំនូរចរាចរណ៍និងបំពាក់បរិក្ខារចរាចរណ៍រួចរាល់ជាស្ថាពរផងដែរ។

លោកប្រធានមន្ទីរក៏បានសំណូមពរ ទៅដល់សាធារណៈជនឲ្យចូលរួមជួយថែរក្សាចំពោះបរិក្ខារដែលបានបំពាក់សម្រាប់សម្គាល់ និងបញ្ជៀសគ្រោះថ្នាក់នៅតាមដងផ្លូវឲ្យបានគ្រប់គ្នា ដើម្បីធានាបាននូវភាពគង់វង្សនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕

ដោយ៖ ប៉េស សារី