ព័ត៌មានជាតិ

ព្រៃវែង ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម កំពុងប្រែក្លាយជាច្រករបៀងសេដ្ឋកិច្ចស្រូវអង្ករ និងជលផល ដ៏សំខាន់របស់កម្ពុជា

image


ព្រៃវែង៖ ខេត្តព្រៃវែង មានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្ដានុពល ដែលអំណោយផលយ៉ាងខ្លាំងដល់វិស័យកសិកម្ម ពិសេសផលិតកម្មស្រូវ និងបច្ចុប្បន្នបានវ៉ាឈ្នះខេត្តបាត់ដំបង ក្លាយជាខេត្តផលិតស្រូវច្រើនជាងគេនៅកម្ពុជា។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា ការផលិតស្រូវនៅខេត្តព្រៃវែង ក្នុងឆ្នាំ ២០២៣នេះ បានកើនដល់ ១,៥៩លានតោន ក្នុងនោះស្រូវវស្សា ១,០១លានតោន និងស្រូវប្រាំង ៥៨ម៉ឺនតោន និងនៅសល់ស្រូវប្រមាណ ១,១លានតោន សម្រាប់កែច្នៃបម្រើការនាំចេញ។

លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ខេត្តព្រៃវែង គឺជាខេត្តមួយធំ មានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ផ្គួបផ្សំជាមួយចំនួនប្រជាពលរដ្ឋរស់នៅច្រើនដល់ទៅជាង ១,២៧លាននាក់។ កត្តាទាំងនេះ បានជំរុញឲ្យខេត្តព្រៃវែង មានលទ្ធភាពផលិតស្រូវបានច្រើនជាងគេ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទន្ទឹមនេះនេះ ក៏មានកត្តារួមផ្សំជាច្រើនទៀតដែរ ដោយ សារភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ ដែលមានសណ្ឋានដីវាលទំនាបរាបស្មើ ស្ថិតនៅតាមដងទន្លេមេគង្គ ទទួលរបបទឹកជំនន់ទន្លេមេគង្គ និងរបាយទឹកភ្លៀង ដែលអាចផ្តល់ឳកាសឲ្យប្រជាពលរដ្ឋធ្វើស្រែបានរហូត ៣ដងក្នុងមួយឆ្នាំ ទៅតាមទីតាំង។

លោក សួន សុម៉ាលីន បន្តថា ចំពោះផ្ទៃដីបង្កបង្កើនផលស្រូវឆ្នាំ ២០២៣នេះ សម្រេចបានជិត ៤០ម៉ឺនហិកតា លើសផែនការកំណត់រហូតដល់ ៧ម៉ឺនហិកតា ក្នុងនោះផ្ទៃដីស្រូវវស្សា សម្រេបាន ២៨ម៉ឺនហិកតា និងផ្ទៃដី ស្រូវប្រាំងជិត ១២ម៉ឺនហិកតា។

លោកអភិបាលខេត្ត បានលើកឡើងថា៖ «បើយោងតាមស្ថិតិនៅក្នុងដៃនេះ ខេត្តរបស់យើង គឺមានអាទិភាពខ្ពស់ណាស់ ក្នុងការប្រែក្លាយខ្លួន ក្នុងការរៀបចំជាច្រករបៀងសេដ្ឋកិច្ចស្រូវអង្ករ»។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានអះអាងថា ខេត្តព្រៃវែង ក៏មានច្រកនាំចេញស្រូវសំខាន់ៗ គឺច្រកទ្វារអន្តរជាតិ បន្ទាយចក្រី ដែលនាំចេញក្នុងមួយថ្ងៃៗ នៅពេលរដូវប្រមូលផល គិតជាមធ្យមប្រហែល ២០០ឡាន ដែលក្នុងមួយឡានផ្ទុកស្រូវពី ១៦ទៅ ២០តោន។

ពាក់ព័ន្ធការងារជលផលវិញ ខេត្តព្រៃវែងសម្បូរទៅដោយទន្លេ បឹង និងព្រែក ដែលអំណោយផលដល់ការធ្វើវារីវប្បកម្ម ទាំងលក្ខណៈអាជីវកម្ម និងលក្ខណៈគ្រួសារខ្នាតតូច។ តាមស្ថិតិបង្ហាញថា ការប្រមូលផលជលផលស្រុបបានប្រមាណ ៤១ពាន់តោន ក្នុងនោះផលនេសាទ ២០ពាន់តោន និងផលវារីវប្បកម្ម ២១ពាន់តោន។

បើតាមការបញ្ជាក់ពីលោកអភិបាលខេត្ត សួន សុម៉ាលីន បានឲ្យដឹងថា ចំណូលដុលបានមកពីវិស័យកសិកម្មប្រចាំឆ្នាំសរុបរបស់ខេត្តព្រៃវែង មានទំហំទឹកប្រាក់ ៦៧៨លានដុល្លារអាមេរិក សម្រាប់ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សៀម ប៊ុនធី