រដ្ឋមន្ត្រីសាធារណការ ណែនាំមន្ទីរបន្តខិតខំបំពេញការងារឱ្យមានប្រសិទ្ធិភាព ដើម្បីចូលរួមសម្រេចគោលដៅ
កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានណែនាំឱ្យមន្ត្រី នៃមន្ទីរខិតខំបំពេញការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីចូលរួមសម្រេចនូវគោលដៅរបស់ក្រសួង និងបម្រើដល់ផលប្រយោជន៍សាធារណៈ។ លោកបានលើកឡើងដូចនេះ ពេលជួបសំណេះសំណាលជាមួយមន្ត្រីសាធារណការខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ប៉េង ពោធិ៍នា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តល់អាទិភាពគន្លឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះវិស័យផ្លូវថ្នល់ត្រូវបានផ្តល់ជាវិស័យអាទិភាពក្នុងការបម្រើដល់ការដឹកជញ្ជូន និងការធ្វើដំណើរ។ ជាមួយនោះក្រសួង ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននិងគិតគូ ពិសេសលើយន្តការថ្មីៗ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ និងការដឹកជញ្ជូនដែលមានភាពធន់ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
លោក ប៉េង ពោធិ៍នា ក៏បានជំរុញបន្ថែមឱ្យមន្ទីរសាធារណការខេត្ត ត្រូវបន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធិភាព គុណភាព លឿនរហ័ស និងស្អាតស្អំ។ ត្រូវបន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភាកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងផ្លូវទឹក។ ដើម្បីឱ្យអាទិភាពចម្បងចំនួនពីរនេះអាចសម្រេចបាន ត្រូវមានយន្តការគាំទ្រចំនួន៤គឺ ទី១ ពង្រឹងប្រសិទ្ធិភាពអភិបាលកិច្ចរបស់ក្រសួង និងអភិវឌ្ឍន៍ធនធានមនុស្ស ទី២ ពិពិធកម្មនៃប្រភពធនធានថវិកា ពង្រីកការគ្រប់គ្រង និងប្រសិទ្ធិភាពនៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគសាធារណៈព្រមទាំងពង្រឹងការរៀបចំថវិកាកម្មវិធី និងគម្រោងវិនិយោគសាធារណៈ ការកឬទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ទី៣ ពង្រីក ពង្រឹងការងារនាដកម្ម និងការកសាងបទដ្ឋានបច្ចេកទេស ជំរុញរៀបចំគោលនយោបាយច្បាប់ បទបញ្ញតិ និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងភាពច្បាស់លាស់ និងទិដ្ឋភាព ទាំងទិដ្ឋផ្លូវច្បាប់ និងការងារបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងទី៤ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ននិងការផ្តល់សេវាសាធារណៈ។
ក្រៅពីនេះលោករដ្ឋមន្ត្រី ក៏បានក្រើនរំឭកបន្ថែមទៅដល់មន្ត្រីគ្រប់គ្រងជញ្ជីង ដែលកន្លងមកតែងតែមានការរិះគន់ពីភាពអសកម្ម និងពុករលួយរបស់មន្ត្រីដែលទទួលការងារនេះ។ ដើម្បីបង្កើនប្រសិទ្ធិភាព និងតម្លាភាព មន្ត្រីទទួលបន្ទុកជញ្ជីងត្រូវពិនិត្យ និងកែសម្រួលឡើងវិញជាបន្ទាន់ ដើម្បីជៀសវាងការសាងកំហុសបន្ថែមទៀត។ ទន្ទឹមនេះក្រសួងក៏គ្រោងបំពាក់បន្ថែមនូវបច្ចេកវិទ្យា ដើម្បីតាមដាននូវរាល់សកម្មរបស់មន្ត្រីផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនោះរដ្ឋមន្ត្រីក្រសួងសាធារណការ បានផ្តល់នូវសម្ភារ និងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់សម្រាប់បម្រើដល់ការថែទាំជួសជុលផ្លូវក្នុងភូមិសាស្ត្រខេត្ត ដែលមន្ទីរទទួលបន្ទុកផងដែរ៕
អត្ថបទ៖ ប៊ុត សារុន