ព័ត៌មានជាតិ

កំពង់ផែនៅកោះទន្សាយសម្រេចការសាងសង់បានជិត ៥០% ខណៈផ្លូវប្របមាត់សមុទ្រកំពុងចាក់កៅស៊ូ

image


កែប៖ កំពង់ផែថ្មីមួយទៀត កំពុងដំណើរការសាងសង់ គិតមកតល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណជិត ៥០% នៃគម្រោងសរុប។ កំពង់ផែដែលកំពុងដំណើរការសាងសង់នេះ គឺនៅកោះទន្សាយតែម្តង ដែលស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដោយគ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ។ ដោយឡែកដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាន និងកំពុងនឹងដំណើរការដូចគ្នា ក្នុងលទ្ធផលប្រមាណ ៨២%ហើយដែរ។ គម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុក និងមន្ទីរពាក់ព័ន្ធ បានចូលរួមចុះត្រួតពិនិត្យការដ្ឋានអនុគម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ។

លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឲ្យដឹងថា កំពង់ផែទេសចរណ៍កោះទន្សាយគិតមកទល់ពេលនេះ សម្រេចការសាងសង់បានចំនួន៤៩,៨% ហើយ កន្លងទៅក្រុមហ៊ុនចាស់ ធ្វើការហាក់មានការយឺតយ៉ាវតែយ៉ាងណាក្រុមហ៊ុនថ្មីដែលទទួលបានសិទ្ធិសាងសង់បន្ត នឹងបញ្ចប់គម្រោងកំពង់ផែកោះទន្សាយនេះ នៅត្រឹមខែមករា ឆ្នាំ២០២៤។

លោកបន្តថា សម្រាប់គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រ ដែលយើងកំពុងដំណើរការគិតមកទល់ពេលនេះ សម្រេចលទ្ធផលចំនួន ៨២%ហើយដែរ។ ហើយអនុគម្រោងរបស់យើងទាំង៣ មានទីលានទុកដាក់សំរាមស្តង់ដារ (បានសម្ពោធរួចរាល់) អនុគម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ និងអនុគម្រោងផ្លូវប្របមាត់សមុទ្រ ពេលនេះមានក្រុមហ៊ុនតែមួយកំពុងដំណើរការសាងសង់ ដែលយើងអាចទុកចិត្តបានថា អនុគម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលា។

យ៉ាងណា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោល នាថ្ងៃអនាគត។ លោកអភិបាល ក៏ធ្លាប់លើកឡើងដែរថា ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរ សម្រាប់ថ្ងៃអនាគត៕

អត្ថបទ៖ ង៉ុង សាន់