ព័ត៌មានអន្តរជាតិ

សប្បាយៗ! ខេត្តក្រចេះ នឹងរៀបចំពិធីប្រណាំងទូក ង នៅចុងខែតុលានេះ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ឆ្នាំ២០២៣

image


ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នឹងរៀបចំពិធីប្រឡងប្រណាំងទូក ង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:៣០នាទីព្រឹក នៅក្នុងទីរួមខេត្តក្រចេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត។

រដ្ឋបាលខេត្តក្រចេះ បានស្នើដល់អភិបាលក្រុង ស្រុក ទាំងអស់៖ ១-ត្រូវរៀបចំទូកខ្នាតអន្តរជាតិ ចូលរួមប្រកួត ដោយធ្វើការកែលម្អជួសជុលទូកឱ្យបានសមរម្យ ទូកនីមួយៗ ត្រូវតុបតែងលម្អក្បាច់រចនាឱ្យបានប្រកួត តាមរចនាបទខ្មែរពិតប្រាកដ ចំណុះទូកត្រៀមរៀបចំឱ្យមានសម្លៀក បំពាក់សមរម្យ ជាឯកសណ្ឋានតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរ។
២-ទូកដែលចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់សាកល្បង និងមានលក្ខណៈសមស្រប ដោយត្រូវជ្រើសរើស អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ។

រដ្ឋបាលខេត្តបញ្ជាក់ថា ទូកដែលអាចចាត់តាំងចូលរួមប្រកួតបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក។

សូមបញ្ជាក់ថា តាមទិន្នន័យរបស់មន្ទីទេសខេត្ត ថាចំនួន ភ្ញៀវជាតិអន្តរជាតិ ចូលរួមកំសាន្តក្នុងពិធីបុណ្យអុំទូកឆ្នាំ ២០២២ រយៈពេល៣ថ្ងៃកន្លងទៅ មានចំនួន ១១១.៥៥៦នាក់ ចំពោះឆ្នាំ ២០២៣ នេះ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរំពឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងកើនឡើងជាងមុនទ្វេដង៕
ដោយ៖សារី ណែត