សង្គម

អភិបាលខេត្តកែប៖ ផ្លូវប្របមាត់សមុទ្រភ្ជាប់ពីកែប ទៅអង្កោល សម្រេចការសាងសង់បាន៨០%

image


កែប៖ ផ្លូវប្របមាត់សមុទ្រដែលមានប្រវែងជាង ១១គីឡូម៉ែត្រ តភ្ជាប់គ្នាពីផែកោះទន្សាយខេត្តកែប មកកាន់ឆ្នេរអង្កោល កំពុងធ្វើការសាងសង់ស្ថាបនា បើគិតមកទល់ពេលនេះបានសម្រេចលទ្ធផលប្រមាណ ៨០%ហើយ។ ដោយផ្លូវមួយខ្សែនេះស្ថាបនាឡើង ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក។

នេះបើតាមការឲ្យដឹងពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលកន្លងទៅថ្មីៗនេះ នៅសាលាខេត្កកែប។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោលនាថ្ងៃអនាគត នឹងនាំឲ្យមានកំណើនភ្ញៀវទេសចរមកទស្សនាខេត្តកែបកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកកុញ នៃភ្ញៀវទេសចរ នៅឆ្នេរកែបផងដែរ។

យ៉ាងណាលោកជំរុញឲ្យក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់ ធ្វើយ៉ាងណាពន្លឿនការសាងសង់របស់ខ្លួន អាចឲ្យពលរដ្ឋប្រើប្រាស់ផ្លូវបានស្រួលជាងនេះ ជាពិសេស សម្រាប់ត្រៀមទទួលភ្ញៀវទេសចរ នឹងមកលេងកម្សាន្ត នាដើមខែធ្នូចុងឆ្នាំនេះ ដែលខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣។

គួរបញ្ជាក់ដែរថា គម្រោងផ្លូវប្របមាត់នេះ គឺជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន ២ទៀត រួមមានទីលានទុកដាក់សំរាមបានសម្ពោធរួចរាល់ និងផ្ទេរឱ្យរដ្ឋបាលខេត្តគ្របគ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែលើកោះទន្សាយ៕

អត្ថបទ៖ ង៉ុង សាន់