អភិបាលខេត្តកំពង់ចាម៖ ប្រភេទផ្លូវ៤គន្លងតម្លៃប្រមាណ១១៧លានដុល្លារ នឹងចាប់ផ្តើមស្ថាបនា ពីទិសរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកមុន នៅចុងឆ្នាំ២០២៣នេះ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មាន ប្រសាសន៍បញ្ជាក់ថាគម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ចម្ងាយប្រមាណ ជាង៤៥ គីឡូម៉ែត្រ ជាប្រភេទផ្លូវបួនគន្លង គឺនឹងចាប់ផ្តើមស្ថាបនា ពីទិសរង្វង់ មូលស្គន់ ស្រុកជើងព្រៃមកមុន នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
មានប្រសាសន៍បញ្ជាក់បែប នេះគឺធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំមួយនាថ្ងៃទី០៩ខែកន្លងទៅនេះ ស្ថិតនៅក្នុងសាលាខេត្ត ដោយមានការចូលរួមពីក្រុមការងារ អនុ គណៈកម្មការខេត្ត សម្រាប់សហការជាមួយក្រុមការងារអន្តរក្រសួង រួមទាំងលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ ។
លោកអភិបាលខេត្តកំពង់ចាម មានប្រសាសន៍បញ្ជាក់ទៀតថា អាជ្ញាធរស្រុក ក្រុង បានចូលរួមយ៉ាងសកម្ម រួមមាន ស្រុកជើងព្រៃ, ស្រុកព្រៃឈរ, ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដើម្បីជំរុញឱ្យ មានការសាងសង់ ជាពិសេសចូលរួម ក្នុងការស្រង់ទិន្នន័យ ដើម្បីឈានដល់ការដោះស្រាយផលប៉ះពាល់។
ទន្ទឹមនេះដែរលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជួន បានបញ្ជាក់បន្ថែមថា គម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាព កំណាត់ផ្លូវជាតិ លេខ៧ មានចម្ងាយ ៤៥ គីឡូម៉ែត្រ កន្លះនេះ បានបើកការដ្ឋានស្ថាបនា តាំងពីថ្ងៃទី៩មករា។ ហើយខាងក្រុមហ៊ុន CRBC បានបែងចែកចំនួន បី ក្រុមហ៊ុនធំៗទៀត ដោយមានក្រុមធ្វើផ្លូវ និងធ្វើស្ពាន ដែមានចំនួន ប្រាំបី ស្ពាន ដោយក្នុងនោះមានស្ពាន ចំនួនមួយ នៃស្ពានទី៦ នឹងត្រូវសង់ថ្មីទាំងស្រុង ហើយស្ពានចំនួន ប្រាំពីរ ទៀត ត្រូវសង់អមសងខាងស្ពានចាស់។
សូមបញ្ជាក់ថា តាមគម្រោងផ្លូវមួយ ខ្សែនេះ នឹងស្ថាបនានៅចុងឆ្នាំឆ្នាំ២០៣នេះដែលមានប្រវែង សរុប ៤៥,៤៨៩ គីឡូម៉ែត្រ ដោយ ទទឹងផ្លូវ នៅតំបន់ក្រៅទីប្រជុំ មានទទឹង២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជន មានទទឹង ២០ ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្ពន់ ដល់រង្វង់មូល ស្ពានគីហ្សូណា ខេត្តកំពង់ចាម ដែលគម្រោងនេះស្ថិត ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិ ភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួនជាង១១៧លានដុល្លារ ៕
អត្ថបទ៖ ហ៊ាង ថាច





