ណាតូធ្វើសមយុទ្ធជើងទឹកដ៏ធំប្រចាំឆ្នាំក្នុងតំបន់សមុទ្របាល់ទិក ជាការផ្ញើសារលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

ណាតូ៖ ក្រុមប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ បានរៀបចំសមយុទ្ធកងយោធាជើងទឹកប្រចាំឆ្នាំដ៏ធំមួយ នៅក្នុងដែនសមុទ្រតំបន់បាល់ទិក ដើម្បីជាការផ្ញើសារក្រើនរំលឹកអំពីស្ថានការណ៍ដែលកំពុងបន្តវិវត្តន៍ជុំវិញបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
បើតាមឧត្តមនាវីអាឡឺម៉ង់មួយរូបដែលជាអ្នកដឹកនាំសមយុទ្ធ បានប្រាប់ឱ្យដឹងថា សមយុទ្ធជើងបានរៀបចំឡើងដើម្បីសាកល្បងលើសមត្ថភាព ”ប្រតិបត្តិការរួមគ្នារវាងផ្លូវទឹកនិងផ្លូវគោក” (Amphibious Operations) ដោយមានការចូលរួមពីកងនាវាចម្បាំង និងក្រុមទាហានថ្មើរជើងសម្រាប់ហ្វឹកហ្វឺនប្រយុទ្ធដណ្តើមគ្រប់គ្រងតំបន់ច្រកទឹកសំខាន់ៗក្នុងដែនសមុទ្របាល់ទិកពីចន្លោះប្រទេសឡាវីយ៉ា និងអេស្តូនី ដែលជារដ្ឋមានព្រំប្រទល់ភាគខាងកើតជាមួយនឹងប្រទេសរុស្ស៊ី ហើយកំពុងប្រឈមនឹងការគំរាមកំហែងផ្នែកយោធាពីរបបទីក្រុងមូស្គូដែលមានមហិច្ឆតាចង់ដណ្តើមកាន់កាប់ដែនដីអតីតសហភាពសូវៀតនៅក្នុងតំបន់អឹរ៉ុបខាងកើតមកវិញ។
មន្រ្តីយោធាអាឡឺម៉ង់ដដែលបានបន្តលើកឡើងថា ដោយសារតែស្ថានការណ៍គំរាមកំហែងរបស់កងនាវាចម្បាំងរុស្ស៊ីនៅក្នុងដែនទឹកតំបន់បាល់ទិកកំពុងកើនឡើង បានធើ្វឱ្យក្រុមយោធារបស់សម្ព័ន្ធមិត្តណាតូបង្កើនការខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ទៅលើយុទ្ធវិធីនៃការរំដោះនិងការដាក់ពង្រាយនូវគ្រាប់មីនក្រោមទឹក នៅតាមតំបន់ច្រកសមុទ្រសំខាន់ៗដើម្បីជាការរារាំងសត្រូវជាទុកមុន។
សមយុទ្ធយោធាជើងទឹកខាងលើបានចាប់ផ្តើមដំបូងកាលពីថ្ងៃទី ៩ ខែកញ្ញាកន្លងទៅ ដោយមានការចូលរួមពីកងនាវាចម្បាំងប្រមាណជា ៣០គ្រឿង និងកងយោធាសរុប ៣០០០នាក់ដែលមកពីបណ្តាប្រទេសសម្ព័ន្ធមិត្តណាតូ ដោយរួមមានសហរដ្ឋអាម៉េរិក កាណាដា ហូឡង់ ប៊ែលហ្ស៊ិក បារាំង និងប្រទេសស៊ុយអែតដែលជាអនាគតរដ្ឋសមាជិករបស់អង្គការណាតូក្នុងពេលឆាប់ៗខាងមុខ ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect


