អង្គការគំាពារសិទ្ធិជនចំណាកស្រុករបស់អ៊ីតាលីជំរុញរដ្ឋាភិបាលឱ្យបន្ធូរបន្ថយវិធានការរឹតបន្តឹងជនអន្តោប្រវេសន៍
អ៊ីតាលី៖ ក្រោយប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនូវចំនួនជនចំណាកស្រុកបរទេសក្នុងរយៈពេលជាង១ខែចុងក្រោយ រដ្ឋាភិបាលអ៊ីតាលីបានដាក់ចេញនូវច្បាប់អន្តោប្រវេសន៍ថ្មីមួយកាលពីថ្ងៃចន្ទ ដោយមានបំណងធើ្វការរឹតបន្តឹងទៅលើសកម្មភាពឆ្លងដែនដោយខុសច្បាប់របស់ជនអន្តោប្រវេសន៍ទាំងអស់ ដោយបានដាក់បន្ថែមនូវរយៈពេលឃុំខ្លួន និងសិទ្ធិក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋទាំងអស់នោះត្រឡប់ទៅកាន់ប្រទេសកំណើតវិញផងដែរ។
វិធានការចុងក្រោយរបស់រដ្ឋាភិបាលអ៊ីតាលី បានធើ្វឡើងក្រោយពីរបាយការណ៍នៃតួលេខជនចំណាកស្រុកបរទេសដែលបានឆ្លងដែនដោយខុសច្បាប់ចូលមកតំបន់ដែនកោះ Lampedusa ភាគខាងត្បូងប្រទេសអ៊ីតាលី មានការហក់ឡើងខ្លាំងរហូតជិត១ម៉ឺននាក់ គិតត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ដោយបានបង្កជាបញ្ហាចោទដ៏ធំមួយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីស្តាំនិយម លោកស្រី ចចជីអា មេលូនី (Giorgia Meloni) ដែលទើបដឹកនាំប្រទេសកាលពីឆ្នាំទៅមិញ។
ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍នេះដែរ មេដឹកនាំអ៊ីតាលីខាងលើធ្លាប់បានស្នើសុំជំនួយបន្ថែមពីសហភាពអឺរ៉ុបដើម្បីជួយដោះស្រាយបញ្ហាប្រឈម អំឡុងដំណើរទស្សនកិច្ចមួយរបស់មន្រ្តីប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von Der Leyen កាលពីពេលថ្មីៗកន្លងទៅ។
យ៉ាងណាមិញ សម្រាប់មន្រ្តីប្រធានអង្គការគាំពារសិទ្ធិជនចំណាកស្រុកមួយរបស់អ៊ីតាលីដែលមានមូលដ្ឋាននៅក្នុងទីក្រុងរ៉ូម បានជំរុញឱ្យរដ្ឋាភិបាលបន្ធូរបន្ថយវិធានការរឹតបន្តឹងរបស់ខ្លួន ដោយមន្រ្តីរូបនេះបានចាត់ទុកការទទួលស្វាគមន៍ក្រុមពលរដ្ឋចំណាកស្រុកក្រីក្រទាំងនោះថា ជារឿងមនុស្សធម៌មួយគប្បីមានការយកចិត្តទុកដាក់ពិចារណាល្អិតល្អន់ ជាជាងការបដិសេធលើសិទ្ធិជ្រកកោនរបស់ពួកគេ ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect