ក្រុមអ្នកជួយសង្គ្រាះបន្តស្វែងរកសាកសពជនរងគ្រោះដែលបាត់ខ្លួនក្នុងហេតុការណ៍គ្រោះទឹកជំនន់

លីប៊ី៖ គេសង្ស័យថា ពលរដ្ឋលីប៊ីរាប់ពាន់នាក់ ទំនងជាបាត់បង់ជីវិត បន្ទាប់ពីកើតមានហេតុការណ៍បាក់ធ្លាយទំនប់ទឹកដ៏ធំមហិមាចំនួនពីរកន្លែងនៅក្នុងទីក្រុងឌើណា (Derna) បង្កឡើងដោយគ្រោះទឹកជំនន់ដ៏សាហាវមួយកាលពីថ្ងៃទី១០ ខែកញ្ញា ។ គ្រោះមហន្តរាយនេះបានកើតឡើងអំឡុងយប់អធ្រាត្រ ខណៈពលរដ្ឋកំពុងលង់លក់នៅក្នុងដំណេក ជាហេតុនាំឱ្យមានសេចក្តីសន្និដ្ឋានថា មនុស្សជាច្រើនរយនាក់ត្រូវបានកម្លាំងទឹកទាញចូលទៅក្នុងសមុទ្រ ស្របពេលក្រុមការងារ បានបន្តរកឃើញសាកសពជនរងគ្រោះជាច្រើន រសាត់អណ្តែតនៅតាមឆ្នេរ។
ហេតុការណ៍បាក់ទំនប់ទឹកនេះបានធើ្វឱ្យទីក្រុងឌើណា ដែលមានពលរដ្ឋរស់នៅជាង១២ម៉ឺននាក់ ត្រូវគ្រប់ដណ្តប់ទៅដោយភក់ល្បាប់ ជាមួយទិដ្ឋភាពនៃការខូចខាតផ្ទះសម្បែង ផ្លូវថ្នល់ និងយានជំនិះរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវស្ទើរគ្រប់ទីកន្លែង ខណៈដែលអភិបាលទីក្រុងនេះបានធើ្វការវាយតម្លៃថាអាចមានមនុស្សស្លាប់ជាង២ម៉ឺននាក់ដោយសារតែគ្រោះមហន្តរាយនៅពេលនេះ។
ខណៈនេះដែរ ក្រុមការងារមនុស្សធម៌របស់សហគមន៍អន្តរជាតិក្នុងតំបន់ រួមមានប្រទេសតួកគី កាតា និងប្រទេសអារ៉ាប់រួម កំពុងតែខិតខំប្រឹងប្រែងនៅក្នុងបេសកកម្មស្វែងរកសាកសពជនរងគ្រោះដែលបាត់ខ្លួន នៅក្រោមពំនូកភក់ល្បាប់ និងនៅក្រោមគំនរបាក់បែកផ្សេងៗនៅតាមទីប្រជុំជន ក៏ដូចជាឆ្នេរសមុទ្រក្នុងទីក្រុងឌើណា ដែលជាតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារតែគ្រោះទឹកជំនន់បង្កឡើងដោយព្យុះ ”ដានីញ៉ែល”។
គេយល់ឃើញថា កត្តាដែលធ្វើឱ្យមនុស្សក្នុងចំនួនដ៏ច្រើនលើសលប់រងគ្រោះនៅក្នុងគ្រោះមហន្តរាយនៅលីប៊ី គឺដោយសារតែកង្វះរដ្ឋបាលគ្រប់គ្រងច្បាស់លាស់ ស្របពេលប្រទេសស្ថិតនៅក្រោមការបែងចែកនយោបាយជាពីររវាងតំបន់រដ្ឋបាលលីប៊ីខាងលិចនិងតំបន់រដ្ឋបាលលីប៊ីខាងកើត ជុំវិញជម្លោះនយោបាយដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការស្លាប់របស់អតីតប្រធានាធីបតី លោក ហ្គាដាហ្វី ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect



