សូមមេត្តាកុំមានការភ្ញាក់ផ្អើល ស្អែកនេះនឹងដុតកម្ទេចោលគ្រាប់ខូចគុណភាពចំនួន២៥០តោន
ភ្នំពេញ ៖ គ្រាប់ខូចគុណភាពសរុប២៥០តោននឹងដុតកម្ទេចចោលនៅស្អែកនេះ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
យោងតាមរយៈលិខិតមួយច្បាប់បានសេចក្តី ប្រកាសព័ត៌មានដូច្នេះថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម សូមជម្រាបជូន សារធារណជនជាតិ និងអន្តរជាតិជ្រាបថា មជ្ឈមណ្ឌលជាតិ នឹងរៀបចំធ្វើការកម្ទេចគ្រាប់ខូចគុណភាព ចំនួន២៥០តោន ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងជាប្រធានគណៈកម្មធិការជាតិ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ។
សេចក្តីប្រកាសបានបញ្ជាក់ថា គ្រាប់ខូចគុណភាព ចំនួន២៥០តោន ក្នុងនោះមួយចំនួនជាប្រភេទគ្រាប់ WP នៅពេលត្រូវកម្ដៅថ្ងៃខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាព ពុកផុយងាយនឹងផ្ទះ អាចប្រឈមនឹងហានិភ័យខ្ពស់ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជន និងទប់ ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិ នឹងរៀបចំពិធីកម្ទេចគ្រាប់ខូចគុណភាពទាំងអស់នេះចោលចាប់ពី ថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩ ។
មជ្ឈមណ្ឌលជាតិ សូមជម្រាបជូនដំណឹងដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាជនទាំងអស់ដែលកំពុងរស់ក្នុង និងជុំវិញតំបន់ក្បែរសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ សូមមេត្តាកុំមានការភ្ញាក់ផ្អើល ៕ ដោយ៖ឃឹម វិសាល