ហេដ្ឋារចនាសម្ព័នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នឹងសាងសង់រួចរាល់នៅខែតុលាខាងមុខនេះ

បន្ទាយមានជ័យ៖ ហេដ្ឋារចនាសម្ព័នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នឹងសាងសង់រួចរាល់ជាស្ថាពរនៅខែតុលាឆ្នាំ ២០២៣ខាងមុខ ខណៈ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ គម្រោងសម្រេចបាន ៩១,២៦%ហើយ។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះច្រកទ្វារអន្តរជាតិថ្មីនេះ បាន និងកំពុងបើកដំណើរការសាកល្បងហើយ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៤ខែ កញ្ញា ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពកាងារ គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បាណងអៀន ដែលមានអមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធបានចូលរួមផងដែរ។
គម្រោងនេះ បានចំណាយទឹកប្រាក់សាងសង់ ប្រមាណ ២៦,៤២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលថៃ តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង-ថៃ (NEDA)។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់គម្រោងនេះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
ទោះជាយ៉ាងណាគម្រោងនេះ ហាក់មានការយឺតយ៉ាវ ដោយសារវិបត្តិសាកលនៃការឆ្លងរីលរាលរនៃជំងឺកូវីដ-១៩, គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារមួយចំនួនក្នុងកិច្ចសន្យា នាំឱ្យគម្រោងនេះត្រូវពន្យារពេលសាងសង់។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ ក្នុងគោលតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ សំដៅពន្លឿនឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បាណងអៀន ជាចក្ខុវិស័យវែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ ហើយវាក៏ដូចជា ការសម្រេចឱ្យបាននូវការធ្វើសមាហរណកម្ម ជាមួយប្រទេសជិតខាង ក៏ជាចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ។
ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បាណងអៀន»។
ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ក្នុងនោះផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក ដែលចំណាយដោយជំនួយរបស់ភាគីថៃ៕
អត្ថបទ៖ ជា ថន










