សង្គម

អាជ្ញាធរខេត្តដឹកនាំគ្រឿងចក្រឈូសឆាយកែលម្អផ្លូវលំមួយខ្សែ និងស្ដារប្រឡាយបង្ហូរទឹកសងខាងផ្លូវ ចំនួន ៣កន្លែង នៅក្នុងភូមិចំនួន២ នៃស្រុកសាលាក្រៅ

image


ប៉ៃលិន ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, លោក ឈូរ សុភ័ក្រ សប្បុរសជន និងជាម្ចាស់គ្រឿងចក្រ រួមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុកសាលាក្រៅ បានអញ្ជើញនាំយកគ្រឿងចក្រមកឈូសឆាយកែលម្អផ្លូវលំមួយខ្សែ ប្រវែង១០០០ម៉ែត្រ ដែលរងការខូចខាតដោយសារទឹកភ្លៀង និងស្ដារប្រឡាយបង្ហូរទឹកសងខាងផ្លូវចំនួន ៣កន្លែង ប្រវែងសរុបប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរអិល និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សៅ សារ៉ាត់ បានមានប្រសាសន៍ថា ដោយមានការស្នើសុំពីមេភូមិ និងប្រជាពលរដ្ឋក្នុងភូមិទាំងពីរ គឺភូមិអូររអិល និងភូមិអូរឈើក្រំ យើងបានសម្រេចធ្វើការឈូសឆាយកែលម្អផ្លូវ និងសម្រួលប្រឡាយបង្ហូរទឹកសងខាងផ្លូវ ជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងរំដោះទឹកភ្លៀងកុំអោយហូរសាចលើផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ។
លោកបានបន្តថា ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស ធ្វើឲ្យផ្លូវមួយខ្សែរងការខូចខាតលំបាកក្នុងការធ្វើដំណើរ និង ធ្វើឲ្យប្រឡាយទឹកសងខាងផ្លូវ និងលូបង្ហូរទឹក កកស្ទះមិនអាចឲ្យទឹកហូបបាន។ ហេតុនេះការចុះឈូសឆាយកែលម្អផ្លូវ និងសម្រួលផ្លូវទឹកនេះ គឺជារឿងចាំបាច់ សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាឆន្ទះរួមរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បន្ថែមលើគំរោងអភិវឌ្ឍនានា របស់អាជ្ញាធរឃុំស្ទឹងកាច់ ហើយក៏សមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់សប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភ ជ្រោមជ្រែងឲ្យដំណើរការកែលម្អផ្លូវនេះទទួលបានលទ្ធផលល្អប្រសើរ និងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ចំពោះផលប៉ះពាល់ផ្សេងៗពីការអនុវត្តការងារនេះ៕
ដោយ៖ សុខ វិច្ឆ័យ