ព័ត៌មានជាតិ

សត្វស្វានៅឧទ្យានអង្គរ នៅតែបង្កគ្រោះថ្នាក់ដល់អ្នកទេសចរ និងថ្មប្រាសាទបុរាណ ខណៈមន្ត្រីអំពាវនាវយ៉ាងទទូច សូមកុំឲ្យចំណី និងប្រលែងលេងជាមួយពួកវា

image


សៀមរាប៖ ក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២៣នេះ សត្វស្វានៅក្នុងរមណីដ្ឋានអង្គរ បានបង្កគ្រោះថ្នាក់ដល់អ្នកទេសចរចំនួន២០ករណី។ ការណ៍នេះ ត្រូវបានមន្ត្រីអាជ្ញាធរជាតិអប្សរា អំពាវនាវយ៉ាងទទូចសុំឲ្យអ្នកទេសចរ និងប្រជាពលរដ្ឋបញ្ឈប់ការផ្តល់ចំណី និងទៅប្រលែងលេងជាមួយសត្វស្វាទាំងនោះ។

លោក ឡេក គឹមលីន ប្រធានក្រុមភ្នាក់ងារទេសចរណ៍ ប្រចាំនៅប្រាសាទអង្គរវត្ត នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បច្ចុប្បន្ននេះ សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។

លោក គឹមលីន បានបញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលស៊ាំនឹងមនុស្ស ។ លោកថា ព្រោះតែការផ្តល់ចំណីសត្វស្វាបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកលែងនៅព្រៃអង្គរ។

លោកលើកឡើងថាបច្ចុប្បន្ននេះ ហ្វូងសត្វស្វាមួយចំនួនតែងបង្កការរំខាន ដោយពេលខ្លះ បានខាំអ្នកទេសចរ ដែលចូលមកទស្សនាប្រាសាទអង្គរវត្តនៅពេលដែលភ្ញៀវខ្លះ មានកាន់អីវ៉ាន ចំណីឬក៏ដបទឹកនៅក្នុងដៃ។ គ្រោះថ្នាក់មួយទៀតគឺនៅពេលដែលភ្ញៀវទេសចរឃើញសត្វស្វាហើយដើរទៅក្បែរដើម្បីថតរូបឬក៏ប្រលែងលេង ក៏ធ្វើឱ្យស្វាកាចហើយក៏អាចខាំដែរ។ បន្ថែមលើនេះសត្វស្វានៅតំបន់អង្គរវត្ត ក៏តែងតែធ្វើឱ្យខូចខាតដល់បរិក្ខារមួយចំនួនដូចជាផ្លាកសញ្ញានិងផ្ទាំងព័ត៌មានផ្សេងនៅតាមបរិវេណប្រាសាទ នៅពេលដែលវាលោតឡើងទៅលើប្រាសាទធ្វើឱ្យរហែកឬក៏រលំដួលជាដើម ជាពិសេសវាធ្លាក់ថ្មប្រាសាទដែលពុកផុយផងដែរ។

លោក ឡេក គឹមលីន បានបន្ដថា បច្ចុប្បន្ននេះ សត្វស្វានៅតំបន់អង្គរ កំពុងមានការកើនឡើងយ៉ាងខ្លាំង ហើយស្វាទាំងនោះមានពីរប្រភេទ មានពពួកស្វាក្ដាម និងស្វាត្រោស ឬហៅថាស្វាប៉ាហ៊ី ដែលអ្នកភូមិយកទៅលែងនៅតំបន់អង្គរ។លោកបន្ថែមថា នៅក្នុងឆ្នាំ២០២៣នេះ សត្វស្វាដែលខាំមនុស្សមានចំនួន២០ករណីហើយ ។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរណ៍បានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង ខណៈដែលគាត់កំពុងដើរទស្សនាប្រាសាទ ហើយសត្វស្វាបានមកដណ្តើមកាបូបស្ពាយរបស់អ្នកទេសចរណ៍រូបនោះ ។ ខណៈដែលរូបគាត់ទាញយកមកវិញក៏ត្រូវសត្វស្វាខាំតែម្តង។

អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល កាលពីពេលថ្មីៗនេះ បានសំណូមពរ ដល់ភ្ញៀវទេសចរទាំងឡាយ ដែលមកទស្សនាប្រាសាទបុរាណ នៅពេលឃើញសត្វស្វា សូមកុំឱ្យចំណីវាពី ព្រោះការឱ្យចំណីនេះ នឹងធ្វើឱ្យវាមានទម្លាប់ មិនចូលទៅព្រៃរកចំណីស៊ីដោយខ្លួនឯងទេ។ ជាមួយគ្នានេះ លោក ក៏បានសំណូមពរដល់អ្នកទេសចរ និងប្រជាពលរដ្ឋសូមកុំប្រឡែងលេងជាមួយវាដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានឡើង។

លោក ឡុង កុសល លើកឡើងថា ក្រៅពីបង្ករបួសស្នាម យើងមិនដឹងថា សត្វទាំងនោះមានជំងឺអ្វីខ្លះ ដែលអាចចម្លងមកពួកយើងនៅពេលវាខាំនោះទេ៕

អត្ថបទ៖ ជា ស្រស់