អាជ្ញាធរស្រុកសេសានសម្រុកធ្វើស្ពានបាឡេរួចរាល់ ដើម្បីមិនឱ្យរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈផ្លូវនេះត្រូវបានទឹកជំនន់កាត់ផ្តាច់
ស្ទឹងត្រែងៈ អាជ្ញាធរស្រុកសេសាន កាលពីម្សិលមិញនេះ បានពុះពារនាំគ្នាសម្រុកធ្វើស្ពានបាឡេមួយខ្សែ បានហើយរួចរាល់ជាស្ថាពរ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់នេះមិនឱ្យរាំងស្ទះពេលវេលាយូរអង្វែង។ នេះបើយោងតាមការឱ្យដឹងពីលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាននៅថ្ងៃ២០ ខែសីហា ឆ្នាំ២០២៣នេះ។
លោក សុវណ្ណ ពិសេដ្ឋ ថ្លែងប្រាប់ CNC ថា ផ្លូវ និងស្ពានតាមបណ្តោយផ្លូវលេខ ៧៨ចាស់នេះ ជាបណ្តាញផ្លូវតភ្ជាប់គ្នារវាងចំណុចស្រែតាចាន់មកកាន់ទីប្រជុំជននៅចំណុចភូមិច្រប់ ដែលសព្វថ្ងៃហៅថាផ្លូវ ៧៨ថ្មី ចេញទៅខេត្តរតនគីរីផង និងមកកាន់ទីរួមខេត្តស្ទឹងត្រែងផង។
លោកអភិបាលស្រុក បានបញ្ជាក់ថា ពេលបានស្ពានថ្មីនេះប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះស្ពានបាឡេនេះយើងបានសាងសង់ឱ្យខ្ពស់ មិនអាចទឹកលិចបានទេ ទោះបីនៅខែវស្សា។
លោកអភិបាលស្រុកបន្តថា ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះប្រចាំថ្ងៃ គឺប្រជាពលរដ្ឋនៅភូមិស្រែតាចាន់ ដែលមានជិត ១០០គ្រួសារឯណោះ។ ហើយប្រជាពលរដ្ឋនៅភូមិស្រែតាចាន់ ពួកគាត់គឺជាអ្នកចម្ការ ដែលភាគច្រើនដាំដំឡូងមី ហើយអ្នកភូមិនេះពុំមានផ្លូវវាងផ្សេងទៀតនោះទេ ដូច្នេះអាជ្ញាត្រូវខិតខំសម្រុកធ្វើស្ពាន១ខ្សែនេះឱ្យឆាប់ហើយបំផុត ដើម្បីពួកគាត់បានធ្វើដំណើរឆ្លងកាត់។
លោក សុវណ្ណ ពិសេដ្ឋ បានបន្ថែមថា ស្ពានបាឡេនេះ មានទទឹង ៦ម៉ែត្រ បណ្តោយ ២៨ម៉ែត្រ បច្ចេកទេសសាងសង់ដោយមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្ត ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។
ចំណែកលោក ប៉ែន សុបុល មេឃុំក្បាលរមាសបានបញ្ជាក់បន្ថែមថា នេះជាសមិទ្ធផលថ្មីដែលអាជ្ញាធរស្រុកសេសាន បានខិតខំប្រឹងប្រែងធ្វើការសាងសង់ឱ្យបានទាន់ពេលវេលា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនយើងសម្រាប់ទំនាក់ទំនងគ្នា ក្នុងការដោះដូរទំនិញ និងផលកសិកម្មក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
លោកមេឃុំ បានឱ្យដឹងផងដែរថា ពីដើមផ្លូវនេះ ជាផ្លូវយុទ្ធសាស្ត្រមួយឆ្ពោះទៅកាន់ខេត្តរតនគីរី ក្រោយពីមានផ្លូវជាតិលេខ ៧៨ថ្មី ផ្លូវនេះបានកាត់ផ្តាច់មួយកំណាត់ចេញពីផ្លូវចាស់ ហើយទោះជាបែបនេះក្តី អាជ្ញាធរមិនបោះបង់ចោលផ្លូវចាស់ ១កំណាត់នេះទេ នៅតែបន្តថែរក្សា និងជួសជុល ដើម្បីប្រយោជន៍ប្រជាពលរដ្ឋយើងបានប្រើប្រាស់ដដែល៕
អត្ថបទ៖ ម៉ាក មេត្តា