សង្គម

តំបន់ទេសចរណ៍ភ្នំទឹកធំ ក្នុងស្រុកកំពង់ត្រាច កាន់តែមានភាពទាក់ទាញជាងមុន បន្ទាប់ពីរៀបចំកែលម្អបន្ថែម

image


កំពត៖ តំបន់ទេសចរណ៍ភ្នំទឹកធំ ជាតំបន់ភ្នំ នៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ តំបន់ភ្នំទឹកធំនេះមានភាពទាក់ទាញទេសចរជាងមុន បន្ទាប់ពីមានគំនិតផ្តួចផ្តើមរៀបជាតំបន់ទេសចរណ៍ធម្មជាតិ ដោយផ្សាភ្ជាប់នឹងទេសចរណ៍សាសនា ពីព្រះចៅអធិការវត្តភ្នំរាប។ ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានគាំទ្រ និងចូលរួមគំនិតផ្តួចផ្តើមក្នុងបំណងអភិរក្ស និងបម្រើប្រយោជន៍សាធារណៈ។

ព្រះចៅអធិការវត្តភ្នំរាប ព្រះភិក្ខុ សុត ដាវី បានឱ្យដឹងថា ដោយមើលឃើញអំពីសក្តានុពលតំបន់ភ្នំទឹកធំ ដែលជាតំបន់ជាប់ខ្សែបន្ទាត់ព្រំដែន និងដើម្បីរួមចំណែកជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍមូលដ្ឋាន ព្រះអង្គមានគំនិតផ្តួចផ្តើមច្នៃប្រឌិត រៀបចំតំបន់ភ្នំទឹកឱ្យក្លាយទៅជាតំបន់ធម្មជាតិមួយ ដែលអាចទាក់ទាញទេសចរឱ្យមកលេងកម្សាន្ត និង បង្កើតឱកាសការងារនៅក្នុងមូលដ្ឋានផង ព្រមទាំងអភិរក្សភ្នំទឹកដ៏កម្រនេះផង។ ទីនោះបានបង្កើតស្ពានឫស្សីសម្រាប់ភ្ញៀវទេសចរដើរទស្សនាធម្មជាតិជុំវិញភ្នំទឹកធំ ក៏ដូចជាសម្រាប់ថតរូបអនុស្សាវរីយ៍ ជិះទូកលេងដោយឥតគិតថ្លៃក្នុងល្អាងភ្នំ និងតំបន់ជុំវិញ និងកសាងកាំជណ្តើរសម្រាប់ដើរទស្សនានៅក្នុងរូងភ្នំជាដើម។

អ្នកស្រី សំ នីតា អ្នកលក់ដូរចំណីអាហារនៅតំបន់ភ្នំទឹកធំ បានឱ្យដឹងថា ចាប់តាំងពីព្រះចៅអធិការវត្តបានមកជួយរៀបចំកែលម្អបន្ថែមភ្នំទឹកធំ និងតូច រយៈពេលប្រមាណជា ៦ខែមកនេះ បានទាក់ទាញទេសចរណ៍ជាច្រើនមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស ហើយពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារអាចលក់ដូរចំណីអាហារ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារនៅទីនោះ។ ក្រោយពីមានទេសចរណ៍លេងកម្សាន្តច្រើន ការលក់ដូររបស់ពួកគាត់លក់ដាច់ និងទទួលបានចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោក សោម សីហា ភ្ញៀវទេសចរណ៍មកពីខេត្តតាកែវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ដោយមើលឃើញគំនិតផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តល្អ ព្រមទាំងអាចជួយគាំទ្រដល់ជីវភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋាន ពិសេសថែរក្សាបាននូវកេរ្តិ៍តំណែលធម្មជាតិដ៏កម្រផងនោះ ពួកគាត់បាននាំគ្នាមកធ្វើបុណ្យនៅភ្នំរាបផង និងដើរលេងកម្សាន្តនៅភ្នំទឹកនេះផង ដើម្បីជួយគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ព្រះអង្គ។ ទេសភាពនៅតំបន់ភ្នំទឹកនេះពិតជាមានភាពស្រស់ស្អាត ដោយជុំវិញភ្នំហ៊ុំព័ទ្ធទៅដោយទឹក ព្រមទាំងមានខ្យល់អាកាសត្រជាក់បែបធម្មជាតិបរិសុទ្ធ ពេលទៅដល់ភ្លាមធ្វើឱ្យអារម្មណ៍មានភាពស្រស់ស្រាយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា មន្ទីរគាំទ្រចំពោះគំនិតច្នៃប្រឌិតតំបន់ភ្នំទឹកធំនេះ ជាកន្លែងទេសចរណ៍ធម្មជាតិ និងបានទាក់ទាញទេសចរណ៍ឱ្យមកលេងកម្សាន្តច្រើន ប៉ុន្តែប្រសិនបើព្រះចៅអធិការវត្តមានចក្ខុវិស័យ ចង់ប្រែក្លាយតំបន់ភ្នំទឹកធំនេះឱ្យទៅជាតំបន់ទេសចរណ៍សាសនា ត្រូវមានការស្នើសុំ និងការចុះពិនិត្យ វាយតម្លៃទៅលើទិដ្ឋភាពច្បាប់ពាក់ព័ន្ធផ្សេងៗជាមុន។ ការច្នៃប្រឌិតបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិក្នុងសហគមន៍ ក្នុងន័យអភិរក្សគឺរឿងល្អបំផុត ហើយមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពត តែងតែយកចិត្តទុកដាក់ និងចូលរួមគាំទ្រជានិច្ច ពិសេសភ្នំទឹកដែលជាភ្នំកម្រមួយរបស់កម្ពុជា ដែលមានប្រភពទឹកចេញជាប់ជាប្រចាំ មិនដែលរីងស្ងួតខួបប្រាំងខួបវស្សា៕

អត្ថបទ៖ វង្ស សុធារម្យ