ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា លើកឡើងថា ដើមឈើនិងព្រៃឈើ ដើរតួយ៉ាងសកម្មក្នុងការជំរុញ សេដ្ឋកិច្ចវិស័យទេសចរណ៍ និងជួយបង្កើនសម្រស់បរិស្ថានធម្មជាតិបៃតងនៅតំបន់អង្គរ

image


សៀមរាប៖ មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ដើមឈើនិងព្រៃឈើ បានដើរតួយ៉ាងសកម្មក្នុងការជំរុញ សេដ្ឋកិច្ចវិស័យទេសចរណ៍ និងជួយបង្កើនសម្រស់បរិស្ថានធម្មជាតិបៃតងនៅតំបន់អង្គរ ។

អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាស អញ្ជើញដឹកនាំមន្ត្រីអាជ្ញាធរជាតិអប្សរា និងក្រុមគ្រួសារ ដាំកូនឈើចម្រុះប្រភេទចំនួន១.២០០ដើម និងស្មៅចំនួន៤០០ម៉ែត្រក្រឡា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែរស្រះទឹកត្រពាំងសេស ស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣ ។

លោក ហង់ ពៅ បានលើកឡើងថា ទឹក ព្រៃឈើ និងប្រាសាទ ជាធាតុផ្សំដែលមិនអាចចែកចេញពីគ្នាបាន ហើយធាតុទាំងបីនេះ បានជួយរក្សាតុល្យភាពភាព និងស្ថេរភាពលំនឹងគ្រឹះប្រាសាទ ដូច្នេះបើយើងដាំដើមឈើ ដើមឈើទាំងនោះនឹងជួយកាត់បន្ថយភាពរំហួតឬភាពហូរច្រោះរបស់ទឹកនៅក្រោមដី។ លោកបន្តថា លើសពីនេះ ដើមឈើ ដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅក្នុងថ្មប្រាសាទ ជាហេតុនាំឱ្យថ្មមិនងាយប្រះផុយ ឬរលំ និងកាត់បន្ថយនូវភាពសិករិករឹលនៃប្រាសាទទៀតផង។

លោកអគ្គនាយក បន្តទៀតថា មួយវិញទៀត ព្រៃឈើ នឹងជួយកាត់បន្ថយល្បឿនខ្យល់ ដែលផ្តល់ហានិភ័យទៅដល់ប្រាសាទបុរាណ ជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រូបយកជាតិពុលពីបរិយាកាសជាដើម ព្រមទាំងផ្តល់នូវផលអនុផលព្រៃឈើជាច្រើនឥតគណនាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនិងសត្វផងដែរ។
លោកថា ទីតាំងដែលបានដាំស្មៅ និងកូនឈើឡើងវិញនេះ ជាទីតាំងល្អបំផុតនៅបរិវេណខាងមុខប្រាសាទអង្គរ ព្រោះទីនេះកន្លងមកជាកន្លែងដែលអាជ្ញាធរជាតិអប្សរា រៀបចំដាក់សម្ភារសំណង់ ដើម្បីបម្រើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត និងគោលដៅមួយចំនួនក្នុងតំបន់អង្គរ ផ្សេងៗ។

លោក ហង់ ពៅ មានប្រសាសន៍ទៀតថា ក្រៅពីការងារនិងភារកិច្ចស្នូល អាជ្ញាធរជាតិអប្សរា បានបណ្តុះកូនឈើគ្រប់ប្រភេទ សម្រាប់សាធារណជនគ្រប់មជ្ឈដ្ឋានយកទៅដាំតាមអង្គភាពមន្ទីរ វត្តអារាមនានាដោយឥតគិតថ្លៃ ។ ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើប្រមាណ២លានដើម ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនផ្សេងឡើយ។ ទន្ទឹមនឹងនោះ នៅក្នុងឆ្នាំ២០២២ និង២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសាកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាស បង្កើនការថែទាំនិងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧.០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ៕

អត្ថបទ៖ ជា ស្រស់