ព័ត៌មានជាតិ

ខេត្តបាត់ដំបង កំពុងដំណើរការចាក់កៅស៊ូប្រភេទ AC តាមទីតាំងសំខាន់ៗចំកណ្តាលក្រុងបាត់ដំបង ត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ

image


បាត់ដំបង ៖ សមិទ្ធផលសំខាន់ៗចំនួន៣ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់នោះ រួមមាន វិមានឯករាជ្យ សួនសម្តេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ដែលបច្ចុប្បន្ននេះ រដ្ឋបាលខេត្ត រួមជាមួយមន្ទីរជំនាញ បាននិងកំពុងតែរៀបចំធ្វើការចាក់កៅស៊ូប្រភេទ AC លើដងផ្លូវជុំវិញបរិវេណនៃសមិទ្ធផលទាំងនោះ ដែលត្រូវប្រើរយៈពេលយ៉ាងយូរ១សប្តាហ៍ ដោយបានចាប់ផ្តើមដំណើរការពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ពីចំណុចសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងបន្តចាក់នៅឯបរិវេណជុំវិញវិមានឯករាជ្យ រហូតដល់ចប់រួចរាល់ជាស្ថាពរ ដើម្បីត្រៀមក្នុងការធ្វើពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ នៅក្នុងឱកាសនៃការដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលដំណើរការនៃការសាងសង់ក្នុងការអនុវត្តគម្រោងកែលម្អសោភ័ណភាពនានា ក្នុងក្រុងបាត់ដំបង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញវិមានឯករាជ្យ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះដែរ បានក្រើនរម្លឹកនិងណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់ក្នុងការស្ថាបនាផ្លូវថ្នល់ចាក់កៅស៊ូប្រភេទACនេះឲ្យបានល្អ និងមានគុណភាពត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើឲ្យសមិទ្ធផលទាំងនេះប្រើប្រាស់បានយូរអង្វែង និងការកែលម្អសួនច្បារនេះឲ្យបានល្អតាមគម្រោងប្លង់ ប្រកបដោយសោភ័ណភាព មានបរិស្ថានល្អ សំដៅលើកកម្ពស់សោភ័ណភាពទីក្រុងបាត់ដំបងឲ្យកាន់តែស្រស់បំព្រងថែមទៀត ប្រែក្លាយក្រុងបាត់ដំបងជាទីក្រុង Smart City ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចង់មកកម្សាន្តទស្សនា និងស្នាក់នៅប្រកបដោយភាពជឿជាក់ ។
សូមបញ្ជាក់ថា ការស្ថាបនាវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោមវិមានឯករាជ្យនេះឡើង គឺស្ថិតក្រោមការយកចិត្តទុកដាក់ ពីសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងគោលបំណងចង់ឱ្យក្រុងបាត់ដំបង មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋផង និងភ្ញៀវទេសចរ ដែលចង់បានភាពស្អាតផងដែរ ។
វិមានឯករាជ្យ និងសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ក្នុងក្រុងបាត់ដំបង ត្រូវបានចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងតែខិតខំធ្វើការស្ថាបនាឡើងសម្រាប់លើកកម្ពស់សោភ័ណ្ឌភាពទីក្រុងបាត់ដំបង ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់ដល់វិស័យទេសចរណ៍ ក្នុងខេត្តបាត់ដំបងឲ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើន ដែលរហូតមកដល់បច្ចុប្បន្ននេះការងារសាងសង់វិមានឯករាជ្យនិងសួនសម្តេចក្រឡាហោមវិមានឯករាជ្យ គ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ហើយតាមរយៈសមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋជាអ្នកទទួលផលកំពុងតែធ្វើឱ្យពួកគាត់មានភាពសប្បាយរីករាយបំផុត និងមានការរំពឹងទុកថា ភ្ញៀវទេសចរនឹងមានការកើនឡើងខ្លាំងនាពេលខាងមុខនេះ បន្ទាប់ពីរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ពិសេសគឺការសាងសង់វិមានឯករាជ្យ និងសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ត្រូវបានបញ្ចប់រួចរាល់នាពេលខាងមុខនេះ ព្រោះកំណើនភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង គឺពិតជាបានចូលរួមច្រើន ជួយទៅដល់អាជីវកម្មលក់ដូរ ក៏ដូចជាអាជីវករ ដែលប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាបានចូលរួមក្នុងការផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្ត ព្រោះវិស័យទេសចរណ៍បានដើរតួនាទីសំខាន់ ក្នុងការចូលរួមលើកកម្ពស់ដល់វិស័យការងារ និងការលើកកម្ពស់សេដ្ឋកិច្ចសង្គមបានយ៉ាងល្អថែមទៀតផង ៕
ដោយ៖ ឡាច សុគន្ធាវី