រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប។ នេះបើតាមសេចក្ដីសម្រេច ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
គណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប ខាងលើនេះ ដោយមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៧ខែមិថុនា ឆ្នាំ ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាខ្សែផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារអាមេរិក កំពុងដាក់ឲ្យដំណើរការ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្លៃ ១,៣៥ពាន់លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៧ខែមិថុនា ឆ្នាំ ២០២៣នេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា តាមផែនការក្រុមហ៊ុននឹងធ្វើការសិក្សាលម្អិតរយៈពេល ១២ខែពីគម្រោងនេះ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុន បានធ្វើការសិក្សាអស់រយៈពេល ៥ខែរួចមកហើយ ដូច្នេះក្រុមហ៊ុននឹងប្រើពេលយ៉ាងយូរ ៦ខែទៀតប៉ុណ្ណោះ ដើម្បីបញ្ចប់ការសិក្សារបស់ខ្លួន ដើម្បីផ្តល់ឯកសារជូនមករាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកទេសរដ្ឋមន្ត្រី បានឲ្យដឹងទៀតថា តាមការប៉ាន់ស្មានការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងចំណាយជាមធ្យមមួយគីឡូម៉ែត្រ ១០លានដុល្លារសរុបប្រហែល ២.៥០០លានដុល្លារ និងសៀមរាប-ប៉ោយប៉ែត ប្រហែល ១.៥០០លានដុល្លារ៕



