នៅឆមាសទី ១ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១១៣គម្រោង ក្នុងតម្លៃទុនវិនិយោគជាង ១ប៊ីលានដុល្លារ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅឆមាសទី១ ឆ្នាំ២០២៣ បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១,១ប៊ីលានដុល្លារ និងអាចបង្កើតការងារបានជាង ១២ម៉ឺនកន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង ១១៣នេះ គម្រោងចំនួន១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, គម្រោងចំនួន៧ ស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, គម្រោងចំនួន៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេង ៗ។
បើតាមក្រុមប្រឹក្សាអភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចំនួន ១១៣គម្រោង កើនឡើង ១៥គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកទុនវិនិយោគមានការថយចុះចំនួន ១,៩ប៊ីលានដុល្លារ ដោយដោយសារកាលពីឆមាសទី១ ឆ្នាំ២០២២ មានគម្រោងធំៗមួយចំនួនដូចជា គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង នៅខេត្តកំពត ទុនវិនិយោគ ១.៣ប៊ីលានដុល្លារ, គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ ក្នុងទុនវិនិយោគ ៣៨៩លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ទុនវិនិយោគចំនួន ២៩៧លានដុល្លារ។
ទន្ទឹមនឹងនេះ ការវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើង ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ និងឆ្នាំ២០២១ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការងើបឡើងវិញជាបណ្តើរៗក្នុងវិស័យនេះ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញអំពីទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២% ប៉ុន្តែកម្ពុជា ក៏រងឥទ្ធិពលអាក្រក់ពីកត្តាខាងក្រៅផងដែរ។
ហានិភ័យសក្តានុពលចម្បងៗមានប្រភពពី កត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ។ ហានិភ័យទាំងនេះមានដូចជា ១-ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា ២-បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំ ណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និង ៣-ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុនក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ៕